ផ្លូវ៣៤ ដង្ហើយឲ្យជួយសង្គ្រោះ ខូចមិនឈប់ ! ដល់ពេលណាទើបបញ្ចប់ការជួសជុលឥតប្រសិទ្ធភាព?

ផ្លូវ៣៤ ដង្ហើយឲ្យជួយសង្គ្រោះ ខូចមិនឈប់ ! ដល់ពេលណាទើបបញ្ចប់ការជួសជុលឥតប្រសិទ្ធភាព?

ខេត្តកណ្តាល៖ ផ្លូវលេខ៣៤ ក្នុងឃុំដើមឬស កំពុងក្លាយជាចំណុចក្តៅមួយ ដែលបង្ហាញពីបញ្ហាគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធមិនមានប្រសិទ្ធភាព។ ស្ថានភាពផ្លូវដែលខូចខាតស្ទើរតែទាំងស្រុង មិនមែនជាបញ្ហាធម្មតា ប៉ុន្តែជាផលវិបាក នៃការប្រើប្រាស់លើសកម្រិតដោយយានយន្តដឹកទំនិញធ្ងន់ៗ ដូចជា ដឹកដី ថ្ម ខ្សាច់ និងស៊ីម៉ង់ ដែលដំណើរការទាំងយប់ទាំងថ្ងៃ។

សកម្មភាពនេះ មិនត្រឹមតែបំផ្លាញផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឲ្យមានសំលេងរំខាន ខែប្រាំងធូលី ដីហុយ ខែវស្សាបែកផុក ប៉ះពាល់ដល់សុខភាពសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ហើយនៅពេលខ្លះក៏បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នាំឲ្យមានរបួសផងដែរ។

អ្វីដែលគួរឲ្យព្រួយបារម្ភ គឺបញ្ហានេះ មិនមែនទើបកើតឡើងថ្មីៗទេ។ ប្រជាពលរដ្ឋក៏ធ្លាប់បានលើកឡើងជាបន្តបន្ទាប់ ក្នុងវេទិកាសាធារណៈនៅស្រុកកណ្ដាលស្ទឹង ដែលមន្ត្រីថ្នាក់ខេត្តកណ្ដាលក៏បានចូលរួមផងដែរ ប៉ុន្តែការឆ្លើយតបនៅតែពន្យារពេល និងខ្វះដំណោះស្រាយច្បាស់លាស់។ ការជួសជុលបែបបណ្ដោះអាសន្ន ដូចជាចាក់បិទសំបុកមាន់ ត្រឹមតែរក្សារូបភាពប៉ុណ្ណោះ ព្រោះបន្ទាប់ពី២ថ្ងៃ ក៏ខូចវិញដដែល។ នេះបើតាមប្រភពពីមន្ត្រីសាលាស្រុកកណ្ដាលដែលបង្ហើបប្រាប់ឱ្យបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ដឹងនៅថ្ងៃទិ២២ ខែមីនា ឆ្នាំ២០២៦នេះ។

បន្ថែមពីនេះ ចំពោះការអនុវត្តការងារថែទាំផ្លូវ ក៏បង្ហាញពីភាពមិនប្រក្រតីផងដែរ។ តាមស្តង់ដារ ការជួសជុលផ្លូវត្រូវការឧបករណ៍គ្រប់គ្រាន់ និងកម្មករយ៉ាងតិច៨នាក់ ក្នុងមួយក្រុម ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង គេសង្កេតឃើញមានតែកម្មករប្រហែល៥នាក់ បូករួមជាមួយសម្ភារៈតិចតួច ដូចជា ថ្ម និងស៊ីម៉ង់បន្តិចបន្តួច ដែលមើលទៅដូចជាការងារធ្វើបែប “បាយឡុកបាយឡ” មិនមានគុណភាពសមស្របឡើយ។ ទម្រង់ការងារបែបនេះ បង្កឲ្យមានការសង្ស័យពីប្រសិទ្ធភាពនៃការប្រើប្រាស់ថវិការដ្ឋ ខណៈដែលលទ្ធផល មិនឆ្លើយតបនឹងតម្រូវការពិតប្រាកដនៃការថែទាំផ្លូវ។

ប្រភពផ្សេងទៀតបានឱ្យដឹងថា ផ្លូវនេះ ខានធ្វើការថែទាំរយៈពេល៣ខែមកហើយ ដោយសារបញ្ហាប្ដូរមេដឹកនាំ គឺផ្លាស់ប្ដូរលោក ម៉ឹង យូរឡេង ទៅធ្វើជាប្រធានមន្ទីរសារធារណការខេត្តព្រះហីហនុ និងលោក បូរី វង្សសានិត្យ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលវិញ។

លើសពីនេះ ប្រភពពីអ្នកតាមដានសង្គមបានបង្ហាញថា ផ្លូវលេខ៣៤ កំពុងត្រូវបានប្រើជាផ្លូវយុទ្ធសាស្ត្រ សម្រាប់យានយន្តដឹកទំនិញ ដើម្បីគេចវាងការត្រួតពិនិត្យទម្ងន់ពីស្ថានីយជញ្ជីងអចល័តលើផ្លូវជាតិលេខ៣ និងលេខ៤។ ប្រសិនបើការអះអាងនេះពិត នោះវាបង្ហាញពីចន្លោះប្រហោងក្នុងការអនុវត្តច្បាប់ និងការត្រួតពិនិត្យ ដែលអាចបណ្តាលឲ្យខាតបង់ ទ្រព្យសម្បត្តិសាធារណៈយ៉ាងធ្ងន់ធ្ងរ។

មហាជនលើកឡើងថា ដំណោះស្រាយមិនគួរឈប់ត្រឹមការជួសជុលបណ្ដោះអាសន្នទេ ប៉ុន្តែត្រូវមានវិធានការស្ថាបនាដូចជា៖ កំណត់កម្រិតទម្ងន់យានយន្តយ៉ាងតឹងរឹង បង្កើនការត្រួតពិនិត្យ និងដាក់វិន័យច្បាប់ឲ្យបានម៉ឺងម៉ាត់ ព្រមទាំងរៀបចំផ្លូវជំនួសមឲ្យសមស្របសម្រាប់យានយន្តធ្ងន់ៗ។ ក្រៅពីនេះ ការគ្រប់គ្រងគុណភាពការងារ និងការចំណាយថវិកា ត្រូវមានភាពតម្លាភាព និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានាថា ថវិការដ្ឋត្រូវបានប្រើប្រាស់ឲ្យមានប្រសិទ្ធភាពពិតប្រាកដ។

ការអភិវឌ្ឍមិនអាចប្រព្រឹត្តទៅលើមូលដ្ឋាន នៃការខូចខាតទេ។ ប្រសិនបើគ្មានវិធានការច្បាស់លាស់ ដាច់ខាត ផ្លូវ៣៤ នឹងបន្តក្លាយជាគំរូមួយនៃការចំណាយថវិកាឥតប្រសិទ្ធភាព និងបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ៕

videocapture 20260322 141049 videocapture 20260322 141108 videocapture 20260322 141040 videocapture 20260322 141029 videocapture 20260322 141100 videocapture 20260322 141022 videocapture 20260322 140949 20260322 100812 20260322 094911 20260322 095001 20260322 094916

Scroll to Top