ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង ផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានណែនាំដល់អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រហ័ស និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ព្រមទាំងត្រូវមានផែនការសកម្មភាពច្បាស់លាស់សម្រាប់អនុវត្តការងារប្រចាំថ្ងៃ។
ការណែនាំនេះធ្វើឡើងក្នុងឱកាសលោកឧត្តមសេនីយ៍ត្រី អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងពង្រឹងការងារនគរបាលសហគមន៍ នៅក្នុងភូមិសាស្ត្រស្រុកក្រគរ។ សកម្មភាពចុះតាមដាននេះ បានអនុវត្តនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៧ រួមមាន៖ ប៉ុស្តិ៍ត្នោតជុំ ប៉ុស្តិ៍បឹងកន្ទួត ប៉ុស្តិ៍កំពង់ពោធិ៍ ប៉ុស្តិ៍អូរសណ្ដាន់ ប៉ុស្តិ៍ស្នាអន្សារ ប៉ុស្តិ៍អន្លង់ត្នោត និងប៉ុស្តិ៍អន្សាចំបក់។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេឃុំ, លោកនាយ-នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកអធិការរងទទួលការងារកិច្ចការប៉ុស្តិ៍, លោកនាយ-នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានបញ្ជាក់ថា គោលបំណងសំខាន់នៃការចុះពង្រឹងនេះ គឺដើម្បីជំរុញឱ្យកម្លាំងនគរបាលមូលដ្ឋាន បន្តអនុវត្តលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីបង្កើនទំនុកចិត្ត។ ជាមួយគ្នានេះ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តចុះផ្សព្វផ្សាយ និងរៀបចំវេទិកាសាធារណៈយ៉ាងតិច៨លើកក្នុងមួយខែ ដើម្បីជំរុញចលនាប្រជាការពារ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យហ៊ានផ្តល់ព័ត៌មានរាយការណ៍អំពីសកម្មភាពបទល្មើស។
លោកឧត្តមសេនីយ៍ត្រី ក៏បានជំរុញឱ្យពង្រឹងការគ្រប់គ្រងមនុស្ស អាវុធជាតិផ្ទុះ មធ្យោបាយ និងអាជីវកម្មមុខរបរពិសេស ព្រមទាំងបន្តដើរល្បាតបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរ។ លោកបានគូសបញ្ជាក់ថា ការចុះពង្រឹងផ្ទាល់ដល់មូលដ្ឋានបែបនេះ គឺជាយុទ្ធសាស្ត្រសំខាន់ក្នុងការស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង និងឆ្លើយតបទៅនឹងតម្រូវការសន្តិសុខរបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់៕


