ភ្នំពេញ៖ ឯកឧត្តមខៀវ កាញារិទ្ធ បានថ្លែងថា ប្រទេសថៃ ដោះស្រាយបញ្ហាផ្ទៃក្នុងខ្លួនតាមរយៈការរកសត្រូវខាងក្រៅ ដើម្បីពង្រឹងឯកភាពផ្ទៃក្នុង។ ជាក់ស្តែងយោថៃ បានបើកការឈ្លានពានមកលើប្រទេសកម្ពុជា ធ្វើជាកាវបិទជម្លោះផ្ទៃក្នុង ប៉ុន្តែ អ្នកជិតខាងបានសម្លឹងទៅមើលមកថៃ ដោយកែវភ្នែកអាណិតអាសូរ វិញ ពីព្រោះផ្ទៃក្នុងរបស់ថៃ មានភាពរញ៉េរញ៉ៃ និងឈ្លោះគ្នារហូត។
ការថ្លែងរបស់ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសជជែកវែកញែកអំពី «តួនាទីអ្នកសារព័ត៌មាននៅពេលប្រទេសមានជម្លោះព្រំដែន» នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ចំពេលដែលប្រទេសកម្ពុជាកំពុងរងនូវការវាយប្រហារពីសំណាក់យោធាថៃ។
លោកក៏បានរម្លឹកថា មុនសង្គ្រាមឈ្លានពានកម្ពុជា គឺមានកាសែតរបស់ថៃ បានផ្សព្វផ្សាយថា «ពីដើមប្រជាជនថៃ សម្លឹងមើលអ្នកជុំវិញខ្លួនដោយភ្នែកអាណិតអាសូរ (កម្ពុជា ឡាវ ភូមា) ប៉ុន្តែ អីឡូវនេះគឺអ្នកជិតខាង សម្លឹងទៅមើលមកថៃ ដោយកែវភ្នែកអាណិតអាសូរ វិញ ពីព្រោះផ្ទៃក្នុងរបស់ថៃ មានភាពរញ៉េរញ៉ៃ និងឈ្លោះគ្នារហូត»។
លោកអតីតរដ្ឋមន្ត្រីព័ត៌មានរូបនេះបានវាយតម្លៃថា បច្ចុប្បន្ននេះ ប្រទេសថៃ ចាញ់ប្រៀបលើប្រទេសកម្ពុជា ចំពោះការបើការឈ្លានពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា នៅក្នុងចេតនាបង្កបញ្ហាសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ពោលកុំឱ្យសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកលូតលាស់លឿនតែប៉ុណ្ណោះ។
ឯកឧត្តមឯកឧត្តម ខៀវ កាញារិទ្ធ បានគូសបញ្ជាក់ថា ទង្វើបំពានឈ្លានពានមកលើទឹកដីកម្ពុជា បានបង្កបញ្ហាជាច្រើនដល់ប្រទេសថៃ ខណៈគណបក្សប្រឆាំងរបស់ថៃ បានចេញមកបញ្ហាថាប្រសិនបបើគណបក្សរបស់ពួកគេជាប់ឆ្នោតច្បាស់ណាស់ ប្រទេសថៃ នឹងបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជា៕


