ភ្នំពេញ÷ប៉ុន្មានថ្ងៃមកនេះមានការរំជើបរំជួល នៅលើបណ្ដាញសង្គម ករណីលោកឧកញ៉ានាយកសាលាសុវណ្ណភូមិដែលមិនព្រមសងថ្លៃជីវិតគ្រាប់ភ្នែកកុមារម្នាក់តាមការសម្រេចរបស់តុលាការ។ អ្នកខ្លះរិះគន់ពីការមិនទទួលខុសត្រូវ និងអ្នកខ្លះធ្លោយឲ្យដឹងថា បានផ្ទេរកូនចេញពីសាលាសុវណ្ណភូមិនោះហើយ។ នេះក៏ព្រោះ តែមានការភ្ញាក់ផ្អើលជាបន្តបន្ទាប់ករណីដែលមានក្មេង ប្រុសម្នាក់បានក្លាយទៅជាជនរងគ្រោះរបួសភ្នែកនៅក្នុងម៉ោងសិក្សា ប៉ុន្តែសាលាមិនទទួលខុសត្រូវ។
លើសពីនេះទៅទៀត នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នេះ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នរថយន្តរបស់កូន បំណុលដែលជាម្ចាស់សាលារៀនសុវណ្ណភូមិ ឧកញ៉ា ជា ធីឡាយ ដោយបានរឹបអូសរថយន្តម៉ាក ESCALADE ស្លាកលេខ ភ្នំពេញ 2CE-8927 ។ ករណីនេះបណ្ដាល ឲ្យមានការភ្ញាក់ផ្អើលដល់មហាជនទាំងព្រឹក នៅពេលដែលខាងភាគីឧកញ៉ានាយកសាលាមិនព្រមឲ្យអូសរថយន្តនោះ,ទំនងជាខ្លាចខូចរថយន្ត។
បន្ទាប់ពីមន្ត្រីអាជ្ញាសាលាចុះទៅដល់ ខាងកូនបំណុលគឺឧកញ៉ាជា ធីឡាយ មិនសហការទេ ដូច្នេះខាងអាជ្ញា សាលាបានសំរេចជួលរថយន្តសំរាប់ស្ទូចរថយន្តយកទៅរក្សាទុកនៅតុលាការ តែដោយមានខាងមេធាវីតំណាងឱ្យឧកញ៉ា ជា ធីឡាយ មកសុំចរចារជាមួយខាងអជ្ញាសាលា ដោយពួកគេសុំបើកបរយករថយន្តដែលត្រូវរឹប អូសនោះដោយស្ម័គ្រចិត្តទៅខ្លួនឯង ដើម្បីយកទៅរក្សា ទុកនៅសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពបានឱ្យដឹងថា ការអនុវត្តដីការឹបអូសនេះ ធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពី លោក ខាំ សុខមករា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ ដោយរឹបអូសយករថយន្ត១គ្រឿងម៉ាក ESCALADE ទៅរក្សាទុកជាបណ្ដោះអាសន្ននៅតុលាការភ្នំពេញ។ ការអនុវត្តដីការឹបអូសដោយបង្ខំនេះ គឺយោងទៅតាមសាលក្រមរបស់ចៅក្រមជំនុំជម្រះ លោកស្រី ឈុន ដាវី ចុះថ្ងៃទី ៣ ខែ កក្កដា កន្លងទៅ ដោយបានបង្គាប់ឱ្យលោក ឧកញ៉ា ជា ធីឡាយ ម្ចាស់សាលាសុវណ្ណភូមិ បង់សំណងខូចខាត និង ជំងឺចិត្តសរុបចំនួន ១០ ម៉ឺនដុល្លារអាមេរិក ឱ្យទៅលោកស្រី សន កញ្ញា ជាម្តាយរបស់កុមារា ញ៉ឹប ចេស្ដា ដែលត្រូវរបួសភ្នែក។
គួររំឭកដែរថា ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ គណនីស្រ្តីឈ្មោះ សន កញ្ញា ជាអាណាព្យាបាលកុមារា ញ៉ឹប ចេស្ដា បានបង្ហោះសាររកភាពស្អាតស្អំ និង យុត្តិធម៌ជូនកូនប្រុសរបស់ខ្លួនទាំងក្តីឈឺចាប់ ដែលរបួសភ្នែកដោយសារខ្មៅដៃ បង្កឡើងដោយកុមារាម្នាក់ ទៀត រៀននៅសាលាសុវណ្ណភូមិ សាខាចម្ការដូងទី ១ ជាមួយគ្នា។ តែពេលនោះគ្រូបន្ទុកថ្នាក់ទាំងពីរនាក់ពុំបានយកកុមារឈ្មោះ ញ៉ឹប ចេស្ដា ទៅបន្ទប់សង្គ្រោះបឋមទេ បែរជានាំយកកុមាររងគ្រោះចេញមកខាងមុខសាលា រង់ចាំអាណាព្យាបាលមកទទួលទៅវិញ ទើបបណ្ដាលឱ្យស្ថានភាពរបួសកាន់តែធ្ងន់ធ្ងរ។ លោកស្រី សន កញ្ញា បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា លោកស្រីបានជម្នះការលំបាកជាច្រើនទាំងការសង្គ្រោះកូន តាំងពីពេលកើតហេតុ និង ការពិនិត្យព្យាបាលជា បន្តបន្ទាប់។
មជ្ឍដ្ឋានប្រជាពលរដ្ឋបានចោទសួរថា ហេតុអ្វីបានជាលោកឧកញ៉ានាយកសាលាសុវណ្ណភូមិមិនព្រមសង បំណុលតាមការសម្រេចរបស់តុលាការ? ឧកញ៉ាអត់លុយ? ឬចេតនាមិនសង?។ នេះគឺជាបញ្ហាដែលមហាជនចង់ដឹង៕


