សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញ ពីសក្តានុពលទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប

សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញ ពីសក្តានុពលទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប

(ភ្នំពេញ) ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចបានបង្ហោះសំណេរអមដោយរូបភាពដែលបង្ហាញអំពីសក្តានុពលទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។ 

ក្នុងសំណេររបស់សម្តេចធិបតីបានលើកឡើងថា ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង ពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ 

ទំនប់ដូនទ្រី បានសម្រេចការសាងសង់ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖

ទី១/ ទំនប់ស្នូលដីថ្មបំពេញ Earth-Core Rockfill Dam (ECRD) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រពីគ្រឹះ និងប្រវែងសរុប ៦៥៤ ម៉ែត្រ ដែលមានសមត្ថភាពផ្ទុកទឹកប្រសិទ្ធភាពបាន ១៣៣ លានម៉ែត្រគូប។

ទី២/ សំណង់បង្អៀរ (Spillway) ដែលមានប្រវែងសរុប ៤១៤ ម៉ែត្រ និងសមត្ថភាពដោះទឹកបាន ៨៥០ ម៉ែត្រគូប/វិនាទី។

ទី៣/ រូងក្រោមដីបង្វែរទឹក (Diversion Tunnel) ដែលមានអង្កត់ផ្ចិត ៤ ម៉ែត្រ និងប្រវែង ៤៦២ ម៉ែត្រ។

និងទី៤/ សំណង់ប៉មគ្រប់គ្រងទឹកមានទ្វារទឹកច្រើនថ្នាក់ (Multi-Stage Intake Tower) ដែលមានវិមាត្រ ៨ ម៉ែត្រ (ទទឹង) × ២៤ ម៉ែត្រ (ប្រវែង) × ៤៩ ម៉ែត្រ (កម្ពស់) បំពាក់ដោយទ្វារសំរាប់ប្រតិបត្តិការចំនួនបួន ដែលនីមួយៗមានទំហំ ២,២ ម៉ែត្រ x ២,២ ម៉ែត្រ។

រាជរដ្ឋាភិបាល បានបន្តផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពង្រឹង និងពង្រីកប្រព័ន្ធធារាសាស្ត្រ ពិសេសបង្កេីតអាងស្តុកទឹក ដែលជាប្រភពនៃតម្រូវការយ៉ាងសំខាន់សម្រាប់បម្រេីដល់វិស័យកសិកម្ម និងពហុបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។ ទឹក ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃយុទ្ធសាស្ត្រចតុកោណ ហេីយក៏បានបន្តជំរុញអនុវត្តយ៉ាងសកម្ម តាមរយៈក្រសួងធនធានទឹក និងឧតុនិយមជាប្រតិបត្តិករ៕

fb img 1764554307791 fb img 1764554318416 fb img 1764554312042 fb img 1764554314140 fb img 1764554320704 fb img 1764554316271 fb img 1764554325269 fb img 1764554322977

Scroll to Top