ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល

ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល

កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មានមួយចំនួន ស្តីពីសកម្មភាពរបស់បុគ្គលចំនួន ២នាក់ ដោយម្នាក់ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ដឹកស្បោងសំរាម សំណល់រឹង និងបុគ្គលម្នាក់ទៀត បានយកសំរាមក្នុងស្បោងសំរាមជាច្រើននៅលើរ៉ឺម៉ក បោះចូលទៅក្នុងស្ទឹងព្រែកត្នោត ចំណុចស្ពានព្រែកហូរ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល។ ករណីនេះនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន។ ក្រសួងបរិស្ថានសូមធ្វើការថ្កោលទោសចំពោះបុគ្គល ដែលបានបោះសំរាមចោលក្នុងទឹកស្ទឹងព្រែត្នោត ជាមួយគ្នានេះក្រសួងបរិស្ថាន ស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ ចំពោះអ្នកដែលបានប្រព្រឹត្តល្មើសច្បាប់។ 

អ្នកនាំពាក្យក្រសួងបរិស្ថានលោកខ្វៃ អាទិត្យា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំពោះករណីខាងលើនេះ ក្រសួងបរិស្ថានបានសហការ ជាមួយរដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកបុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់ យកមកធ្វើការអប់រំនិងចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើសុំឱ្យបុគ្គលដែលបានប្រព្រឹត្តល្មើស ចេញមកសារភាព និងទទួលស្គាល់កំហុសចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងបញ្ឈប់ការដឹកសំណល់រឹង ទៅចោលផ្តេសផ្តាស់ ដូចជាបោះចូលទៅក្នុងប្រព័ន្ធទឹកសាធារណៈ ដែលនាំឱ្យមានការបំពុលទឹក ប៉ះបាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថានជាបន្តទៀត។

យោងតាមប្រសាសន៍អ្នកនាំពាក្យ បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើស ច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ ស្តពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ។ ក្រមបរិស្ថាននិងធនធានធម្មជាតិត្រង់មាត្រា២៣០ចំណុច១ ហាមឃាត់ បណ្ដាច់ខាតការចោលសម្រាប់ប្លាស្ទិកនៅតាមផ្លូវទីសាធារណៈ ទីវាល ប្រព័ន្ធលូ ប្រភពទឹកសាធារណៈ។ មាត្រា២១៨ ត្រង់ចំណុច១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិក៏មានចែង ហាមឃាត់ដាច់ខាតការបោះចោលសំរាម សំណល់រឹងទីប្រជុំជន នៅតាមដងផ្លូវ ទីសាធារណៈ និងទីវាល ប្រព័ន្ធទឹកលូប្រឡាយទឹក ប្រភពទឹកសាធារណៈឬក្នុងដីកម្មសិទ្ធិ ដែលមិនត្រូវបានអនុញ្ញាត ជាកន្លែងស្តុកទុកសំរាម ជាបណ្ដោះអាសន្នឬជាកន្លែងទុកដាក់ចុងក្រោយ៕

img 20251122 174918 770 img 20251122 174918 604 img 20251122 174918 363

Scroll to Top