ខេត្តតាកែវ÷រូបភាពដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមអំពីករណី នៃការធ្វើរបងបេតុងរឹងមាំលើប្រឡាយមួយកន្លែងក្នុងស្រុកបាទី ខេត្តតាកែវនាំឲ្យមានការរិះគន់យ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ អាជ្ញាធរបានបញ្ជូនមន្ត្រីថ្នាក់អន្ទ្រើម្នាក់នៃរដ្ឋបាលស្រុកបាទី ឲ្យទៅចុះមើល ប៉ុន្តែប្រភពរាយការណ៍ថា អ្នកចុះទៅមើលរបងនោះ ប្រៀបដូចជាគោមើលទូរទស្សន៍តែប៉ុណ្ណោះ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា របងបេតុងរឹង មាំសង់លើប្រឡាយបង្ហូរទឹកសម្រាប់ស្រោចស្រពស្រូវរបស់ប្រជាពលរដ្ឋនោះ ស្ថិតនៅចំណុចភូមិត្រពាំងកៀបឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ប្រភពបាន ឱ្យដឹងថា របងបេតុងសង់យ៉ាងរឹងមាំនោះគឺដើម្បីកំណត់ព្រំនៃការសាងសង់រោងចក្រមួយកន្លែង។ ប្រជាពលរដ្ឋមិនប្រឆាំងចំពោះការសាងសង់រោងចក្រនោះទេ។ ប៉ុន្តែសំណង់បងនោះ បានសង់លើប្រឡាយបង្ហូរទឹកស្ទើរតែទាំងស្រុង។ តាមរយៈរូបភាព ធ្វើឲ្យមានការរិះគន់ចំពោះអាជ្ញាធរស្រុកបាទីថា បានបណ្ដែតបណ្ដោយឲ្យពួកឈ្មួញអ្នកមានលុយធ្វើអ្វីស្រេចតែនឹងចិត្ត។
ការរិះគន់បាញ់ចំពោះមន្ត្រីស្ថាប័នជំនាញសុរិយោដីស្រុកបាទីនិងលោក លោក ភួន ឈីម អភិបាលស្រុកបាទី ជួយចុះពិនិត្យមើលសំណង់ ដែលកំពុងសាងសង់របងជាប់ប្រឡាយទឹក តើការសាងសង់នេះត្រឹមត្រូវដែរឬទេ? បើតាមមើលដោយភ្នែកទទេគឺរបងនោះបានសង់នៅលើប្រឡាយបង្ហូរទឹកដែលជាទង្វើខុសច្បាប់ទាំងស្រុង។ តើករណីនេះមន្ត្រីជំនាញ នៃរដ្ឋបាលស្រុកបាទីបានដឹងដែរឬទេ? ឬមួយក៏មន្ត្រីជំនាញនោះ ជាអ្នកចុះហត្ថលេខាឲ្យឈ្មួញសាងសង់របងបេតុងយ៉ាងដូច្នេះ?។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2025 នេះរដ្ឋបាលស្រុកបាទី បានចាត់ឲ្យមន្ត្រីថ្នាក់អន្ទ្រើសម្នាក់ឲ្យដឹកនាំប្រតិភូចុះ ទៅមើលរបងដែលសង់លើប្រឡាយទឹកនាំឲ្យមហាជនរិះគន់នោះ។ ក៏ប៉ុន្តែ បើតាមមន្ត្រីរដ្ឋបាលស្រុកបាទីបានខ្សិបថា អ្នកដែលដឹកនាំប្រតិភូទៅមើលប្រឡាយនិងរបងនោះ ប្រៀបដូចជាដឹក គោទៅមើលទូរទស្សន៍យ៉ាងដូច្នោះដែរ?
ប្រជាពលរដ្ឋ ក៏ដូចជាមហាជននានារិះគន់ថារឿងរ៉ាវស្រដៀងៗគ្នាបានកើតឡើងជាច្រើនកន្លែង នៅក្នុងមូលដ្ឋានខេត្តតាកែវអំពីបញ្ហារបងបេតុងសង់នៅលើចំណីផ្លូវសាធារណៈឬក៏ប្រឡាយ,ស្ទឹងសាធារណៈរបស់រដ្ឋ។ ហេតុអ្វីមន្ត្រីជំនាញខាងសុរិយោដី,ភូមិបាល ចេះតែបណ្តែតបណ្ដោយឲ្យមានរឿងដដែលៗ នៅក្នុងមូលដ្ឋានខេត្តតាកែវយ៉ាងដូច្នេះ? ប្រជាពលរដ្ឋនិងមហាជនតាមបណ្ដាញសង្គម ស្នើឲ្យមានការប្រកាសព័ត៌មានជាក់ លាក់អំពីករណីខាងលើនេះឲ្យបានច្បាស់លាស់ថា តើវាជាភាពត្រឹមត្រូវ ឬមួយក៏មិនត្រឹមត្រូវ? បើមិនត្រឹមត្រូវទេ ,តើនរណាជាអ្នកទទួលខុសត្រូវ? ៕


