អាជ្ញាធរស្រុកកំពង់សិលាផ្អាកសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន ដែលគ្មានច្បាប់ និងប៉ះពាល់ដីប្រជាពលរដ្ឋ

អាជ្ញាធរស្រុកកំពង់សិលាផ្អាកសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន ដែលគ្មានច្បាប់ និងប៉ះពាល់ដីប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សិលា ខេត្តព្រះសីហនុ បាន ឱ្យដឹងថា ក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន ពិតជាបានចូលឈូសឆាយដីប្រជាពលរដ្ឋដោយ គ្មានច្បាប់អនុញ្ញាត ហើយត្រូវបានអាជ្ញាធរចុះផ្អាកសកម្មភាពភ្លាមៗ។

លោកអភិបាលស្រុក បានប្រាប់អ្នកកាសែតថា ក្រោយទទួលបានព័ត៌មានថា មានគ្រឿងចក្ររបស់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន ចូលឈូសកាយព្រំដីរបស់លោក ហើយចូលដល់ដីប្រជាពលរដ្ឋផងនោះ លោកបានចាត់មន្ត្រីជំនាញចុះធ្វើការ ហាមឃាត់ បញ្ឈប់សកម្មភាព និងបានតម្រូវឲ្យម្ចាស់គ្រឿងចក្រធ្វើ កិច្ចសន្យាបញ្ឈប់ ការឈូសឆាយជាបន្ទាន់។

ឆ្លើយតបចំពោះសំណួររបស់អ្នកកាសែតថា តើការដាក់ គ្រឿងចក្រកាយព្រំដីនេះមានច្បាប់ដែរឬទេ? លោកអភិបាលស្រុកឲ្យដឹងថា ភាគីខាងក្រុមហ៊ុនបានប្រាប់ថា សុំកាយព្រំដីដោយមិនមានលិខិតច្បាប់លាស់អីទេ។

លោកអភិបាលស្រុកបន្តថា អាជ្ញាធរមិនបានដឹងថា ខាងក្រុមហ៊ុនទៅជាកាយចូលដីប្រជាពលរដ្ឋដូច្នេះនោះទេ។

លោក ឆាយ សុគន្ធដា បានបញ្ជាក់ច្បាស់ថា ចំពោះការកាយព្រំដីរបស់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន បើកាយប៉ះពាល់ដីប្រជាពលរដ្ឋត្រង់កន្លែងណា គឺលោក មិនអនុញ្ញាតឲ្យធ្វើនោះទេ ដោយតម្រូវឲ្យរង់ចាំការដោះស្រាយគ្នាសិន។

ពាក់ព័ន្ធទៅនឹងចំណាត់ការចំពោះក្រុមហ៊ុនដែលកាយព្រំចូលដីប្រជាពលរដ្ឋ លោកអភិបាលស្រុកបានឲ្យដឹងថា ករណីនេះគឺរង់ចាំក្រុមការងារថ្នាក់ខេត្តចុះពិនិត្យ វាស់វែងជាជាក់ស្តែង ទើបដឹងថាខាងក្រុមហ៊ុនឈូសឆាយចូលដីពលរដ្ឋប៉ុណ្ណា។

មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនលោកឧកញ៉ា សូ ងួន បានទេនៅពេលនេះ។

img 20251112 165217 431 img 20251112 165059 438 img 20251112 165059 486 img 20251112 165722 423

Scroll to Top