ភ្នំពេញ៖ ក្រសួងបរិស្ថានបានដាក់ចេញវិធានការច្បាប់តម្រូវឱ្យសិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី (KOFI CO.,LTD) ដែលស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបិទផ្ជិតកន្លែងដែលលេចធ្លាយ ផ្សែង និងក្លិនឈ្ងៀម (ក្លិនកាហ្វេ) ឱ្យបានរួចរាល់ មុនថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ជាកំហិត។
ជាមួយគ្នានេះ សិប្បកម្មត្រូវទទួលការពិន័យអន្ដរការណ៍ លើការបញ្ចេញសារធាតុបំពុលខ្យល់ពីម៉ាស៊ីនភ្លើងដោយ ពុំមានលិខិតអនុញ្ញាតលិខិតបញ្ជាក់គុណភាពខ្យល់ ក្នុង អគារផលិតកម្ម និងក្រៅអគារផលិតកម្ម ពីក្រសួង បរិស្ថាន និងមិនគោរពតាមកិច្ចសន្យាការពារបរិស្ថាន ចេញដោយមន្ទីរបរិស្ថានរាជធានីភ្នំពេញល្មើសនឹងមាត្រា ១៧៣ មាត្រា៦៩៤ និងមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ លើសពីនេះសិប្បកម្មត្រូវកែលំអប្រព័ន្ធចម្រោះសម្អាតផ្សែង និងក្លិន (Afterburner )ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។ ក្នុង ករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ដោយមិនមាន ការលើកលែង និងបិទអាជីវកម្មជាស្ថាពរ។
គួរបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាននិងមន្រ្តីមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៥ បានចុះត្រួតពិនិត្យនិងរកឃើញ ករណីមានក្លិនផ្សែងឈ្ងៀមចេញពីសិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី ដែលបង្កឱ្យមានក្លិនប៉ះពាល់ ដល់បរិស្ថាននៅជុំវិញ៕


