ខេត្តពោធិ៍សាត់÷ខ្មោច១តម្លៃ១លានរៀល បញ្ចប់រឿង។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកក្រគរដោយបានស្នើសុំឲ្យភាគី គ្រួសារកុមាររងគ្រោះទាំង២ បញ្ចប់បញ្ហា ហើយត្រូវថ្លែងអំណរគុណជ្រាលជ្រៅស្មោះអស់ពីដួងចិត្តជូនចំពោះអាជ្ញាធរ និងក្រុមហ៊ុននោះទៀតផង។ ដូច្នេះគ្រួសារកុមារីរងគ្រោះទាំង២នាក់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅស្មោះ អស់ពីដួងចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងបែកញើសជោកខ្នង របស់អាជ្ញាធរស្រុកក្រគរ ដែលបានជួយសម្របសម្រួលទៅខាងក្រុមហ៊ុនឲ្យផ្ដល់ប្រាក់ចំនួន១លានរៀល សម្រាប់សពម្នាក់ដើម្បីបញ្ចប់បញ្ហា។
តើសព១តម្លៃ១លានរៀល សមរម្យដែរឬទេ? កិច្ចសម្រប សម្រួលកញ្ចក់លុយបានធ្វើឡើង ដោយមានការចូលរួមពីអភិបាលរងស្រុកមួយរូបនិងតំណាងក្រុមហ៊ុនការដ្ឋានបូមខ្សាច់ស៊ឹមវណ្ណៈ នោះផង។ បន្ទាប់ពីការផ្សាយអំពីបញ្ហានេះមិត្តអ្នកអានបានបន្តសួរថា ករណីក្មេងស្រី២ នាក់ស្លាប់នៅក្នុងរណ្តៅខ្សាច់នោះ ដល់ណាហើយ? យ៉ាងណាក៏ដោយក្រុមគ្រួសារកុមារីរងគ្រោះទាំង២នាក់បានទទួលយកទឹកប្រាក់ក្នុងសពម្នាក់១លានរៀលយ៉ាងសប្បាយរីករាយពីព្រោះថា បើរង់ចាំតទៅទៀតក៏មិនរំពឹងនោះដែរ។
អភិបាលខេត្តពោធិ៍សាត់លោកខូយ រីដា ប្រាប់អ្នក កាសែតយ៉ាងខ្លីថា”គេបានដោះស្រាយបញ្ចប់ហើយ”។
ការដ្ឋានបូមខ្សាច់១កន្លែង ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ អាជ្ញាធរក៏ដូចជាស្ថាប័នជំនាញហាក់ដូចជាព្យាយាមលាក់អត្តសញ្ញាណថៅកែខ្សាច់ ឬក៏ឈ្មោះក្រុម ហ៊ុនបូមខ្សាច់នេះ។ យ៉ាងណាក៏ដោយប្រភពខ្សឹបខ្សៀវថាក្រុមហ៊ុនបូមខ្សាច់ស៊ឹម វណ្ណៈ ជាអ្នកដែលបានចំណាយទ្រព្យធនធានជះជូនចំពោះគ្រួសារសពកុមារីរងគ្រោះម្នាក់១លានរៀលនោះដើម្បីបញ្ចប់បញ្ហា។
រហូតមកដល់ពេលនេះដំណើរការបូមខ្សាច់កំពុងធ្វើ ឡើង យ៉ាងគគ្រឹកគគ្រេង ស្របពេលដែលមានសេចក្តីរាយការណ៍ថា បន្ទាប់ពីករណីមរណភាពក្មេងស្រីទាំងពីរនាក់បានបែកធ្លាយហើយក្រុមហ៊ុនមិនគោរពការសន្យានោះមក,ការដ្ឋានបូមខ្សាច់ក៏បានប្រឹងប្រែងរកភាពស្រប ច្បាប់របស់ខ្លួនដែរ។ មានន័យថា អាជ្ញាធរបានអនុញ្ញាតច្បាប់ឲ្យក្រុមហ៊ុនបូមស៊ឹម វណ្ណៈ ខ្សាច់ដំណើរការស្រប ច្បាប់រួចហើយដែរ។
ប្រជាពលរដ្ឋនៅតំបន់នោះរអ៊ូរទាំអំពីបញ្ហាការធ្វើដំណើរលំបាកលំបិនដោយសារ រថយន្តដឹកខ្សាច់បំផ្លាញផ្លូវក្នុងសហគមន៍។ រីឯការបូមខ្សាច់នោះទៀតសោត ក៏ត្រូវគេមើលឃើញថា ក៏មិនគោរពទៅតាមច្បាប់និងបទដ្ឋានបច្ចេកទេសអ្វីនោះដែរ។ ក្រៅពីការដ្ឋានបូមខ្សាច់នៅទីតាំងខាងលើនេះ ក៏មានទីតាំងបូមខ្សាច់បួនផ្សេងទៀតកំពុងដំណើរការដែលគេសង្ស័យថា មិនមានច្បាប់ទម្លាប់អ្វីនោះទេ។
យ៉ាងណាក៏ដោយអ្នកកាសែតបានព្យាយាមរកការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធក្នុងរឿងនេះប៉ុន្តែមិនមានអ្នកឆ្លើយតបនោះឡើយ ជាពិសេសថ្នាក់ដឹកនាំអាជ្ញាធរស្រុកក្រគរ។ គេហទំព័រយើងខ្ញុំរំពឹងថានឹងទទួលបានការឆ្លើយតបពីអាជ្ញាធរពាក់ព័ន្ធជាពិសេសក្រុមហ៊ុនស៊ឹម វណ្ណៈ ដែលកំពុងបូមខ្សាច់នៅទីតាំងខាងលើ៕


