ខេត្តតាកែវ÷បទបញ្ជា ក៏ដូចជាវត្តមានទាំងថ្ងៃអាទិត្យ ជាថ្ងៃឈប់សម្រាក ឯទីតាំងសង់របងស្របតាមបណ្ដោយស្ទឹងស្លាគូ ក្នុងស្រុកត្រាំកក់ខេត្តតាកែវនោះ លោកវ៉ី សំណាង អភិបាលខេត្ត បានបញ្ជាឲ្យវាយកម្ទេចរបងសំណង់ស្របស្ទឹងស្លាគូ មានប្រវែង១១៩ម៉ែត្រ នៅក្នុង រយៈពេល២សប្តាហ៍។ ប្រជាពលរដ្ឋសាទរចំណាត់ការរបស់លោកចៅហ្វាយខេត្ត ហើយបានហៅវិធានការនេះប្រៀបដូចជាការចាប់សម្រាតខោ លោកចៅហ្វាយស្រុកត្រាំកក់យ៉ាងដូច្នោះដែរ។
ចៅហ្វាយស្រុកត្រាំកក់លោកកេត ម៉ៅ បានព្រមព្រៀងឲ្យខាងក្រុមហ៊ុនសាងសង់របងស្របតាមបណ្ដោយស្ទឹងស្លាគូទៅតាមអ្វីដែលលោកយល់ថា សមស្របទៅតាមប្លង់ដីដែលម្ចាស់បានគ្រប់គ្រង ។ នៅក្នុងលិខិតផ្ញើជូនលោកវ៉ី សំណាង អភិបាលខេត្ត,ចៅហ្វាយស្រុកត្រាំកក់លោកកេត ម៉ៅ បញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទទី៦ ខែ តុលា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលស្រុកត្រាំកក់ ដឹក នាំដោយលោក សាយ វណ្ណៈ អភិបាលរងស្រុកសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពី ឈ្មោះ យួង សីហា (តំណាង) បានចុះទៅវាស់វែងពិនិត្យផ្ទៀង ផ្ទាត់បោះបង្គោលព្រំដីឡើងវិញ ផ្នែកខាងជើង ជាប់នឹងស្ទឹងស្លាគូរបស់ឈ្មោះលី សម្បត្តិ(លីវ)លើក្បាលដីលេខ ២១០៩០២១១-១០៣២ មានទំហំសរុប ៤១០២៤២ ម៉ែត្រការ៉េ រូបភាពប្រើប្រាស់ដី លំនៅឋាន ស្ថិតនៅភូមិត្រពាំងពោធិ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវពិនិត្យ ឃើញថា ម្ចាស់កម្មសិទ្ធិករឈ្មោះ លី សម្បត្តិ បាននឹងកំពុងសាងសង់របងថ្មក្នុងដី ឯកជនរបស់ខ្លួនស្របតាមវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ២១០៩០២១១ -១០៣២ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ ប្រាកដមែន។
និយាយខ្លីដើម្បីឲ្យ រាស្ត្រប្រុស,ស្រី-ក្មេង,ចាស់ ងាយ ស្រួលស្ដាប់គឺថា លោកកេត ម៉ៅ ចៅហ្វាយស្រុកត្រាំកក់រាយការណ៍ប្រាប់លោកវ៉ី សំណាង ចៅហ្វាយខេត្តតាកែវថា របងសង់ស្របតាមបណ្ដោយស្ទឹងស្លាគូនោះ ត្រឹមត្រូវតាមច្បាប់ គឺម្ចាស់គេសង់នៅលើប្លង់ដីត្រឹមត្រូវ។
ប៉ុន្តែនៅថ្ងៃអាទិត្យម្សិលមិញចៅហ្វាយខេត្តតាកែវ ដែលមើលឃើញដោយផ្ទាល់ភ្នែកនោះ វាហាក់ដូចជាមិនសម ស្របជាពិសេសទើសភ្នែកមហាជនប្រជារាស្រ្តជាខ្លាំង។ ជាងនេះទៅទៀតបើតាមច្បាប់,បណ្ដាស្ទឹង,ព្រែកគឺមិនអនុញ្ញាតឲ្យមានការសង់របងយ៉ាងដូច្នេះទេ។ ត្រូវរក្សា ទុកចម្ងាយយ៉ាងហោចណាស់៣០ម៉ែត្រពីមាត់ស្ទឹង។
លោក វ៉ី សំណាង និងសហការី និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យមើល ជាក់ស្ដែងរបងថ្ម១កន្លែងដែលបានសាងសង់ប៉ះពាល់ចំណីស្ទឹងស្លាគូរប្រវែង ១១៩ ម៉ែត្រ ស្ថិតនៅភូមិសាស្ត្រ ភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ដោយទុករយៈពេល ១៤ថ្ងៃដើម្បីវាយកម្ទេច។ លោកអភិបាលខេត្ត បានឱ្យដឹងថា របងថ្មដែលមានប្រវែង ១១៩ម៉ែត្រ គឺសាងសង់ដោយទុកចំណីស្ទឹង៤ ម៉ែត្រកន្លែងខ្លះ១៨ម៉ែត្រដែលក្នុងច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹង ៣០ម៉ែត្រ (ម្ចាស់សំណង់បានបញ្ជាក់ថា គាត់សាងសង់តាមប័ណ្ណដី ដែលគាត់បានទិញ )។
លោកអភិបាលខេត្តបន្តថា ចំណុចនេះគឺជាកំហុសរបស់ក្រុមមន្ត្រីបច្ចេកទេស ដែលមានសមត្ថកិច្ច នៅក្នុងការកសាងប័ណ្ណ (ក្រុមវាស់ ដែលរួមមាន៖ មេភូមិ មេឃុំ តំណាងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ,ភូមិបាលស្រុក,គណៈ កម្មាធិការរដ្ឋបាលថ្នាក់ស្រុក និងគណៈកម្មាធិការរដ្ឋបាលថ្នាក់ខេត្ត )។ វិធានការចំពោះមុខលោកអភិបាល បានឲ្យក្រុមហ៊ុន វាយរបងមួយចំណែក ដែលប៉ះពាល់ដល់ចំណីស្ទឹងប្រវែង ១១៩ម៉ែត្រ នោះចេញ។
ប្រជាពលរដ្ឋរង់ចាំមើលថា តើលោកកេត ម៉ៅ អភិបាល ស្រុកត្រាំកក់អនុវត្តចំណាត់ការបទបញ្ជារបស់លោក វ៉ីសំណាងអភិបាលខេត្តតាកែវ មានប្រសិទ្ធភាពកម្រិតណាគិតចាប់ពីថ្ងៃទី១៣ខែតុលានេះតទៅ..។ តើកំហុស ឆ្គងទាំងនេះសម្របសម្រួល បញ្ចប់ត្រឹមវាយកំទេចរបងចោលឬយ៉ាងដូចម្ដេច.? និងថា តើទង្វើរបស់ចៅហ្វាយ ស្រុកត្រាំកក់ជាអចេតនា ឬក៏ក្នុងហេតុផលអ្វីផ្សេង?។ ប្រជារាស្រ្តពិតជាចង់ដឹងអំពីមូលហេតុនៃការអនុញ្ញាតឲ្យឈ្មួញសាងសង់របងថ្មនេះ ពីសំណាក់លោកចៅហ្វាយស្រុក។


