ការដ្ឋានបូមខ្សាច់១កន្លែង ក្នុងស្រុកក្រគរដែលក្មេងពីរនាក់ស្លាប់មិនទាន់ផ្ដល់សំណងឲ្យជនរងគ្រោះផង ស្រាប់តែទទួលបានច្បាប់ត្រឹមត្រូវ

ការដ្ឋានបូមខ្សាច់១កន្លែង ក្នុងស្រុកក្រគរដែលក្មេងពីរនាក់ស្លាប់មិនទាន់ផ្ដល់សំណងឲ្យជនរងគ្រោះផង ស្រាប់តែទទួលបានច្បាប់ត្រឹមត្រូវ

ខេត្តពោធិ៍សាត់÷ករណីរណ្ដៅ នៃការដ្ឋានបូមខ្សាច់ក្រុម ហ៊ុន១កន្លែង នៅស្រុកក្រគរធ្វើឲ្យក្មេងស្រីពីរនាក់ស្លាប់មិនទាន់បានទទួលសំណងត្រឹមត្រូវផងនោះ ស្រាប់តែមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនបូមខ្សាច់នេះទទួលបានច្បាប់ត្រឹមត្រូវដើម្បីធ្វើអាជីវកម្មកាលពីថ្មីៗនេះ។ ដូច្នេះមានន័យថា អំឡុងពេលការកសាងវិនាសកម្មធ្វើ ឲ្យក្មេង ២នាក់ស្លាប់,កាលណោះការដ្ឋានខ្សាច់នេះ គឺសេះហោះគ្មានច្បាប់ទម្លាប់ទេ។ ខុសទាំងច្បាប់ទម្លាប់, ខុសទាំងមិនសងថ្លៃជីវិតមនុស្ស។

បើទោះជាការដ្ឋានបូមខ្សាច់,គ្មានច្បាប់ទម្លាប់ក៏ដោយ នៅពេលមានករណីក្មេងស្លាប់ក្នុងការដ្ឋានរបស់ខ្លួន ក៏ក្រុមហ៊ុននេះនៅតែមិនញញើតច្បាប់ ដោយមិនព្រមសងសំណងថ្លៃជីវិត ឱ្យក្រុមគ្រួសារកុមារីរងគ្រោះនោះឡើយ។ ប្រជាពលរដ្ឋក្រីក្រនៃយើង នៅខេត្តពោធិ៍សាត់និយាយថា ជីវិតអ្នកក្រីក្រ ត្រូវអ្នកបំពានច្បាប់(ថៅកែការដ្ឋានខ្សាច់)ឱ្យតម្លៃថោកខ្លាំងណាស់ ស្របពេលដែលអាជ្ញាធរ ក៏មិនបានយកចិត្តទុកដាក់ឈឺឆ្អាលជួយដល់អ្នកក្រីក្រនោះដែរ។

លោកចាប សុឃឿន មេឃុំត្នោតជុំបានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2025 នៅគ្រាដែលកំពុងធ្វើដំណើរតាមផ្លូវឲ្យដឹងថា លោកដឹងអំពីករណីនៃការស្លាប់របស់កុមារទាំងពីរនាក់កំឡុងឆ្នាំ 2023 នៅក្នុងរណ្ដៅការដ្ឋានខ្សាច់នោះ ប៉ុន្តែមិនដឹងថា គេដោះស្រាយយ៉ាងណានោះទេ។ លោកថា”មិនដឹងថាមានកិច្ចសន្យាសងលុយកាក់ឬក៏យ៉ាងណានោះទេ”។ 

លោកមេឃុំបានបញ្ជាក់ថា ការដ្ឋានបូមខ្សាច់ក្រុមហ៊ុនខាងលើនេះ ទើបតែទទួលបានការអនុញ្ញាតច្បាប់ត្រឹម ត្រូវប្រហែលជា១០ថ្ងៃកន្លងមកនេះប៉ុណ្ណោះ។ តែគេមិនធ្វើនៅកន្លែងដែលមានគ្រោះថ្នាក់ពីមុននោះទេ។ លោកនិយាយថា “បើតាមខ្ញុំដឹង គឺទើបតែបានច្បាប់ប្រហែល ១០ថ្ងៃនេះទេ តែគេមិនធ្វើកន្លែងមុននោះទេ ដោយគ្រាន់ តែធ្វើដំណើរឆ្លងកាត់កន្លែងមុនប៉ុណ្ណោះ”។

លោកមេឃុំបានជំរុញឲ្យក្រុមគ្រួសារកុមារីរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅរដ្ឋបាលស្រុក និងបន្តសួរនាំឲ្យបានច្បាស់លាស់។

អភិបាលស្រុកក្រគរទាក់ទងបានហើយ ប៉ុន្តែឆ្លើយឆ្លងតាមទូរសព្ទស្ដាប់មិនបាន។ រីឯលោក សេង ប៊ុនថុល ប្រធានមន្ទីរ៉ែនិងថាមពលខេត្តពោធិ៍សាត់ទាំងបណ្ដាញសង្គម(telegram)និងលេខទូរសព្ទមិនឆ្លើយតបជា មួយអ្នកកាសែតនោះឡើយ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលត្នោតជុំអះអាងថា តាមរយៈការស្រាវជ្រាវករណីនេះ គឺក្នុងចំណោមកុមាររងគ្រោះទាំងពីរនាក់ មានឪពុកម្ដាយកុមារីតែម្នាក់ប៉ុណ្ណោះដែលបានដាក់ពាក្យបណ្ដឹង។

រីឯខាងគ្រួសារកុមាររងគ្រោះប្រាប់ថា ឪពុកម្ដាយកុមារីម្នាក់ទៀត ដែលចេញទៅរកស៊ីនៅស្រុកឆ្ងាយមិនអាច មកដាក់ពាក្យបណ្ដឹងបានទេ ដូច្នេះមានតែពឹងពាក់ក្រុមគ្រួសារកុមារ ដែលនៅក្នុងមូលដ្ឋានកើតហេតុគ្រោះថ្នាក់ឲ្យជួយដាក់ពាក្យបណ្ដឹង។ ប៉ុន្តែពេលនេះគ្រួសារកុមាររងគ្រោះម្នាក់នោះបានត្រឡប់មកលំនៅឋានវិញហើយ ដោយគេឃើញមន្ត្រីនគរបាលចេញ-ចូលញឹកញាប់សួរនាំដដែលៗ ដែលធ្វើឲ្យគ្រួសារកុមារីរងគ្រោះនោះធុញ ទ្រាន់ជាខ្លាំង។ យ៉ាងណាក៏ដោយ គាត់មិនបដិសេធទេ ព្រោះខ្លាចគេថា មិនសហការពេលដែលជីវិតកូនស្រី ស្លាប់ទៅហើយ។ យ៉ាងណាក៏ដោយក្រុមគ្រួសារកុមាររង គ្រោះទាំងពីរនិយាយថា រយៈពេល២ឆ្នាំមកហើយ មិន ឃើញអាជ្ញាធរមានសមត្ថកិច្ចណាមកសួរនាំទេ ប៉ុន្តែពេលនេះចេញចូលញឹកញាប់សួរដដែលៗ បន្ទាប់ពីឃើញកាសែតចុះផ្សាយ។

មជ្ឍដ្ឋានប្រជាពលរដ្ឋនៅជិតនោះនិយាយថា ជីវិតកុមារពីរនាក់នៅខេត្តពោធិ៍សាត់ត្រូវបានកាត់ថ្លៃជាទឹកប្រាក់ត្រឹម៨លានរៀលហើយមិនបានលុយទៀត។ តើអាជ្ញាធរខេត្តពោធិ៍សាត់អាចជួយពន្លឿនករណីនេះបានទេ? ប្រជាពលរដ្ឋអំពាវនាវដល់កាកបាទក្រហមកម្ពុជាជួយមើលភាពក្រីក្រនៃគ្រួសារកុមារទាំងពីរនេះផង។

គួរបញ្ជាក់ថា សោកនាដកម្មមួយបានកើតឡើងនៅចំណុចការដ្ឋានរណ្ដៅបូមខ្សាច់១កន្លែងស្ថិតក្នុងភូមិថ្មីឃុំត្នោតជុំ ស្រុកក្រគរ ដែលមានក្មេងស្រីអាយុ ១៣ឆ្នាំពីរនាក់បានស្លាប់។ ភ្លាមៗក្រោយកើតហេតុខាងក្រុមហ៊ុនការដ្ឋានបូមខ្សាច់បានសន្យាជូនប្រាក់៨លានរៀលឲ្យឪពុកម្ដាយក្មេងរងគ្រោះទាំងពីរនាក់សម្រាប់ធ្វើបុណ្យ។ ប៉ុន្តែបន្ទាប់ពីនោះមក ក្រុមហ៊ុនបានផ្ដល់ជូនតែ១លានរៀលតែប៉ុណ្ណោះដោយ៧លានរៀលទៀតមិនឃើញនោះឡើយរហូតដល់បច្ចុប្បន្ននេះ។ មិនដឹងថា តើព្រលឹងក្មេងស្រីទាំងពីរនាក់ទន្ទឹមរង់ចាំយុត្តិធម៌ដល់ពេលណានោះទេ។

នៅស្របពេលដែលរឿងរ៉ាវនេះ ត្រូវបានផ្សព្វផ្សាយមកនោះទើបលេចធ្លាយថា ការដ្ឋានបូមខ្សាច់ខាងលើមិនមានច្បាប់ទម្លាប់ទេ។ រហូតមកដល់ពេលនេះទើបមាន ច្បាប់ត្រឹមត្រូវ។ តើករណីនេះ អាចបានឮដល់លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលដែរឬទេ? តើជីវិតកុមារីវ័យ១៣ឆ្នាំទាំងពីរនាក់ នឹងត្រូវស្លាប់ចោលទទេ បន្ទាប់ពីអាជ្ញាធរខេត្តពោធិ៍សាត់ផ្ដល់ភាពស្របច្បាប់ឱ្យការដ្ឋានបូមខ្សាច់នៅពេលថ្មីៗនេះ?។

អាជ្ញាធរស្រុកក្រគរ ជំរុញឲ្យក្រុមគ្រួសារជនរងគ្រោះទាំង ពីរនាក់ដាក់ពាក្យបណ្ដឹងតាមលំដាប់លំដោយជាផ្លូវការដើម្បីអាជ្ញាធរស្រុក អាចនឹងជួយចាត់វិធានការសម្រប សម្រួលដោះស្រាយយ៉ាងណាឲ្យក្រុមគ្រួសារជនរងគ្រោះទទួលបានយុត្តិធម៌។ ជាមួយគ្នានេះក្រុមគ្រួសារជនរង គ្រោះទាំងពីរនាក់ អំពាវនាវឲ្យអាជ្ញាធរខេត្តពោធិ៍សាត់ជាពិសេសថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ជួយពិនិត្យករណីថៅកែរណ្ដៅខ្សាច់នៅស្រុកក្រគរនេះផង៕

img 20250930 123652 449 img 20250930 124542 646 img 20250930 124542 978 img 20250930 123646 529 img 20250930 123645 874 img 20250930 123651 687

Scroll to Top