មន្ទីរធនធានទឹកខេត្តកណ្ដាលប្រកាសថាសំណង់រឹងមាំ របស់លោកស្រីលន វត្តី នៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលអត់ទាន់មានច្បាប់ទេ

មន្ទីរធនធានទឹកខេត្តកណ្ដាលប្រកាសថាសំណង់រឹងមាំ របស់លោកស្រីលន វត្តី នៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលអត់ទាន់មានច្បាប់ទេ

ខេត្តកណ្ដាល÷ សំណង់រឹងមាំ១កន្លែង នៅជាប់មាត់ទន្លេមេគង្គ ក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយស្រុកមុខកំពូល ខេត្តកណ្ដាលដែលធ្វើឲ្យមានភាពរំជើប រំជួលខ្លាំង នៅក្នុងចំណោមមហាជនទូទាំងប្រទេសនោះពេលនេះ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាលប្រកាសថា សំណង់នោះមិនទាន់មានច្បាប់ទេ។

នៅក្នុងលិខិត១ច្បាប់ចុះថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២៥ របស់លោកប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តកណ្ដាលផ្ញើជូនលោកស្រី លន វត្តី អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅផ្ទះលេខ ២៧ អឺ០ ផ្លូវលេខ ៥៩៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា សំណង់នោះមិនមានច្បាប់ទេ។

លិខិតនោះបានឲ្យដឹងអំពីកម្មវត្ថុស្តីពីការសាងសង់សំណង់រឹងមាំទប់ច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រភូមិជ្រោយមេត្រីក្រោមឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។ យោង ៖ លិខិត១៣៨៩ សជណ ចុះថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាលសូមជម្រាបមកលោកស្រី លន វត្តី ជ្រាបថា ៖ សំណង់ រឹងមាំ០១កន្លែងសាងសង់ដើម្បីទប់ច្រាំងទន្លេដែលមាននិយាមកា X= 501377, Y= 1301223 ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ជារបស់លោកស្រី លន វត្តី ដែលជា ម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យម/នវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ០៨០៧០៩០៦ – ០២០១ ក្បាល ដីលេខ ២០១ ពុំទាន់មានលិខិតអនុញ្ញាតសាងសង់នៅឡើយទេ ។

គួររំលឹកថា សំណង់រឹងមាំខ្នាតយក្ស១កន្លែងកំពុងដំណើរការសាងសង់នៅមាត់ទន្លេមេគង្គ ចំណុចភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ដែលប្រជាពលរដ្ឋរស់ នៅជិតនោះ មើលឃើញអំពីសំណង់សង់លយចូលទន្លេមេគង្គ ហើយគេសន្និដ្ឋានថាជាទង្វើខុសច្បាប់។ ដូច្នេះអាជ្ញាធរនិងស្ថាប័នជំនាញគួរពិនិត្យមើលឲ្យបានច្បាស់លាស់។ ប្រជាពលរដ្ឋមានលំនៅឋានជិតសំណង់រឹងដ៏មាំមហិមានេះនិយាយថា បើគ្មានការគុបគិតជាប្រព័ន្ធរវាងអាជ្ញាធរដែនដីជួយលាក់បាំងទេនោះ សំណង់នេះមិនអាចដំណើរការបានដោយរលូនស្ទើររួចរាល់យ៉ាងដូច្នេះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញសំណង់រឹងមាំ ខាងលើនេះ បានលើកឡើងថា សំណង់នេះបានសាងសង់អស់រយៈពេលជាយូរខែមកហើយ គេមិនដែលឃើញអាជ្ញាធរឃុំឬស្សីជ្រោយ ជាពិសេសអាជ្ញាធរស្រុកមុខកំពូល ចុះមកមើលការសាងសង់នោះទេ។ ប្រជាពលរដ្ឋនិយាយថា ប្រសិនបើពួកគាត់ជាជនក្រីក្រគ្រាន់តែបោះបង្គោលមួយចូលទន្លេ មុខជាអាជ្ញាធរមកដល់ភ្លាមមិនខានឡើយ។ យ៉ាងណា ប្រជាពលរដ្ឋនៅតំបន់នោះហាក់ដូចជាទទួល ដឹងឮអំពីការខិតខំប្រឹងប្រែង របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាលដែរថាសំណង់ខាងលើនេះមិនទាន់មានច្បាប់។ សំណួរបានចោទសួរបន្តថា តើច្បាប់អនុញ្ញាតឱ្យសង់សំណង់រឹងមាំចូលផ្ទៃទន្លេមេគង្គដែរឬទេ?៕

img 20250920 105325 865 img 20250920 105339 205 img 20250920 105349 672 img 20250920 105333 848 img 20250920 105356 864 img 20250920 105344 418

Scroll to Top