កំពង់ចាម៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយ និវត្តជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលពួកគាត់ធ្លាប់បានបំពេញការងារបម្រើក្នុងវិស័យព័ត៌មាន ហើយក៏ជាការតបស្នងសងគុណដល់ចាស់ព្រឹទ្ធចារ្យ ដែលពួកគាត់បាន លះបង់ពេលវេលា បង្ហាត់ បង្រៀន ដល់អ្នកជំនាន់ក្រោយ។ ពិធីនេះធ្វើឡើងនារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ប្រធានមន្ទីរព័ត៌មាន បានថ្លែងអំណរគុណចំពោះវត្តមានរបស់ លោកអ៊ំ លោកពូ និងអ្នកមីង ជាអតីតមន្រ្តីរាជការធ្លាប់បានបម្រើការងារក្នុងមន្ទីរព័ត៌មានខេត្ត ការជួបសំណេះសំណាលក្នុងពេលនេះ ក៏ជាឱកាសដល់ លោកស្រី បានជួបសួរសុខទុក្ខ និងសម្តែងនូវការដឹងគុណដល់ លោកអ៊ំ លោកពូ និងអ្នកមីង ជានិវត្តជនធ្លាប់បម្រើការងារ និងបានបង្កើតនូវសម្តិទ្ធផលការងារជាច្រើនក្នុងវិស័យសារព័ត៌មានខេត្តកំពង់ចាម។
ជាមួយគ្នានេះដែរ លោកស្រី បានបន្តថា មន្ត្រីនិវត្តជនបានចូលរួមឆ្លងកាត់ការលំបាកក្នុងអតីតកាល និងរៀបចំស្ដារឡើងវិញប្រព័ន្ធផ្សព្វផ្សាយ នេះជាការចាប់ផ្ដើមដំបូងឆ្លងកាត់ការលំបាកជួបប្រទះព្យុះភ្លៀងធ្វើឱ្យវិស័យព័ត៌មាន មានការអភិវឌ្ឍរីកចម្រើន មកដល់បច្ចុប្បន្ន ហើយសមិទ្ធផលដែលកើតមានមកដល់សព្វថ្ងៃនេះ គឺបានមកពីការចូលរួមរបស់ លោកពូ អ្នកមីងជានិវត្តន៍ជនរបស់យើង។
លោកស្រី ក៏បានផ្ដាំផ្ញើដល់ ដល់មន្ត្រីនិវត្តជនទាំងអស់ ត្រូវបន្តការពារសុខភាពផ្ទាល់ខ្លួន នាអំឡុងពេលកាន់បិណ្ឌ និងក្រោយភ្ជុំបិណ្ឌ ជៀសវាងការចម្លងជំងឺផ្សេងៗ និងអនុវត្តវិធានសុវត្ថិភាពចំណីអាហារដោយ រក្សាភាពស្អាត ចម្អិនអាហារឱ្យឆ្អិនល្អ ត្រូវទុកដាក់អាហារឆៅ និងឆ្អិនដោយឡែកពីគ្នា និងការប្រើប្រាស់ទឹកស្អាតជាដើម។


