ខេត្តបាត់ដំបង៖ ជាពលរដ្ឋក្មេងចាស់ប្រុសស្រីនៅឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង រអ៊ូរទាំអំពីការលំបាកក្នុងការធ្វើដំណើរព្រោះតែរថយន្តដឹកខ្សាច់ចេញពីការដ្ឋានមួយកន្លែង ធ្វើឲ្យខូចផ្លូវក្នុងសហគមន៍។ មិនតែប៉ុណ្ណោះការដ្ឋានបូមខ្សាច់ខាងលើនោះ បានធ្វើឲ្យមានការបាក់ស្រុតនៅមាត់ស្ទឹងក្បែរការដ្ឋាននោះទៀតផង។ បើទោះជាយ៉ាងណាក៏ដោយរដ្ឋបាលស្រុកកំរៀងយល់ថា ជាការដ្ឋានដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ។
លោកទូ ធានទឺ ម្ចាស់ក្រុមហ៊ុនការដ្ឋានបូមខ្សាច់ បានអះអាងតាមទូរសព្ទប្រាប់ពេញចិត្តមេឌាថា “យើងមានច្បាប់ហើយឥឡូវកំពុងពិភាក្សាគ្នា(?)”ហើយក៏ចុចបិទទូរសព្ទទៅ។
អាជ្ញាធរស្រុកកំរៀងតាមរយៈលោកអភិបាលស្រុក សុខដែនមានប្រសាសន៍ប្រាប់ពេញចិត្តមេឌាថា ទីតាំងការដ្ឋានបូមខ្សាច់នេះមាន ច្បាប់ទម្លាប់ត្រឹមត្រូវចេញដោយថ្នាក់ខេត្តដែលអាជ្ញាធរស្រុកមិនបានដឹងឮនោះទេ។ យ៉ាងណាក៏ដោយរដ្ឋបាលស្រុកនឹងចាត់កម្លាំងចុះទៅមើលអំពីសកម្មភាពបូមខ្សាច់ដែលបង្កឲ្យប្រជាពលរដ្ឋ អ្នកធ្វើដំណើរមិនសប្បាយចិត្តនោះ។ លោកថា “បើយ៉ាងដូច្នោះមែន យើងខ្ញុំនឹងបញ្ជូនកម្លាំងឲ្យចុះទៅមើលថា តើវាមានការលំបាកយ៉ាងណាខ្លះ”។ លោកបានបញ្ជាក់ថា ធ្លាប់បានណែនាំពីបញ្ហានៃការដឹកជញ្ជូនដែលធ្វើឲ្យខូចផ្លូវសាធារណៈនោះដែរ។
ប្រជាពលរដ្ឋក្មេង,ចាស់,ប្រុស,ស្រីធ្វើដំណើរតាមផ្លូវបានរអ៊ូរទាំបញ្ហាផ្លូវលំបាក ដែលបង្កដោយរថយន្តដឹកខ្សាច់បំផ្លាញផ្លូវ និងហៀរហូរខ្សាច់មកលើផ្លូវជាដើម។ ពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើមិនដឹងថា តើការដ្ឋានបូមខ្សាច់របស់ឈ្មួញដែលគេខ្សឹបប្រាប់ថាឈ្មោះទូ ធានទឺ នោះ មានច្បាប់ទម្លាប់ត្រឹមកម្រិតណានោះទេ។ ប៉ុន្តែអ្វីដែលមើលឃើញ គឺការដឹកជញ្ជូនខ្សាច់កំពុងបំផ្លាញផ្លូវ ដែលប្រជាពលរដ្ឋប្រើប្រាស់សព្វថ្ងៃ។ ក្រៅពីនោះគេក៏ឃើញផងដែរអំពីការផុងបាក់មាត់ស្ទឹង ដែលនៅជិតការដ្ឋានបូមខ្សាច់នោះ។
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង រហូតមកដល់ពេល នេះមិនទាន់មានប្រធានមន្ទីរ ដើម្បីដោះស្រាយបញ្ហានៅឡើយ។ យ៉ាងណាក៏ដោយលោកធួន អ្នកមុខអ្នកការធំម្នាក់ នៃមន្ទីរ៉ែ និងថាមពលខេត្តបាត់ដំបង បានអោយពេញចិត្តមេឌាដឹងថា ការដ្ឋានខាងលើនេះមានច្បាប់ត្រឹមត្រូវ ចេញដោយថ្នាក់ខេត្ត។ នៅពេលដែលអ្នកកាសែតសួរអំពីបញ្ហា នៃការប្រើប្រាស់ម៉ាស៊ីនធំសម្រាប់បូមខ្សាច់នោះ លោកធួនបានឆ្លើយថា វាជាភាពត្រឹមត្រូវមិនខុសទេ។ រីឯបញ្ហាខូចផ្លូវ និងមានការបាក់ស្រុតយ៉ាងណា លោកធួនជំរុញឲ្យអ្នក កាសែតទៅសួរអាជ្ញាធរមូលដ្ឋានឃុំ និងខាងមន្ទីរធនធានទឹក។
សម្រាប់ប្រជាពលរដ្ឋនៅទីនោះមើលឃើញថា បើទោះជាមានច្បាប់ ឬគ្មានច្បាប់? ប៉ុន្តែមើលទៅវាជាបញ្ហាកន្ទេលធំ បន្លំដេក ឬត្រីងៀតឆ្លៀតពង ដែលផលប្រយោជន៍មួយ ចំនួនធំត្រូវបានឈ្មួញខ្សាច់ ចែករំលែកជាមួយស្ថាប័នជំនាញ ហើយបង្កឲ្យមានការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើដំណើរ។ ការលំបាកដំបូងនោះ គឺផ្លូវដែលប្រជាពលរដ្ឋត្រូវប្រើប្រាស់ជាប្រចាំថ្ងៃ ត្រូវរងនូវការខូចខាត ជាពិសេសខ្សាច់ជ្រុះនៅតាមផ្លូវពិបាកធ្វើដំណើរ។ ប្រជាពលរដ្ឋសំណូមពរលោកអភិបាលខេត្តបាត់ដំបងពិនិត្យមើលករណីខាងលើនេះផង៕


