ឯកឧត្តម គួច ចំរើន ជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមានសម្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីសិទ្ធិ និងនីតិវិធីក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ

ឯកឧត្តម គួច ចំរើន  ជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមានសម្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីសិទ្ធិ និងនីតិវិធីក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីសិទ្ធិ និងនីតិវិធីរបស់ខ្លួនឱ្យបានច្បាស់លាស់ក្នុងការចុះបញ្ជីសារពើភណ្ឌ និងជម្រះទ្រព្យសម្បត្តិរបស់រដ្ឋអស់សុពលភាពប្រើប្រាស់ ហើយត្រូវកត់ត្រាឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជៀសវាងកុំឱ្យមានការបាត់ទ្រព្យសម្បត្តិរបស់រដ្ឋ។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីអភិបាលក្រុង-ស្រុកទាំង១៣ អាជ្ញាធរឃុំ-សង្កាត់ មន្ត្រីពាក់ព័ន្ធ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រាល់សម្ភារៈប្រើប្រាស់ និងទ្រព្យសម្បត្តិអចលនវត្ថុនានា ដែលប្រើប្រាស់ថវិការបស់រដ្ឋ គឺតម្រូវឱ្យចុះបញ្ជីសារពើភណ្ឌ ហើយចំពោះសម្ភារទាំងឡាយណាដែលអស់សុផលភាពប្រើប្រាស់ ក៏ត្រូវតែរៀបចំនីតិវិធីជម្រះចេញផងដែរ គឺត្រូវធ្វើឱ្យស្របទៅតាមនីតិវិធីដែលបានកំណត់ ជៀសវាងកុំឱ្យមានបញ្ហាទោសទណ្ឌកើតឡើង នៅពេលដែលសវនកម្ម ឬអធិការកិច្ចចុះមកត្រួតពិនិត្យ ដូច្នេះអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ត្រូវខិតខំជម្រះ និងចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវឆាប់រហ័សទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសជំនួយការហិរញ្ញវត្ថុឃុំ-សង្កាត់ សូមយកចិត្តទុកដាក់រៀបចំពិនិត្យបញ្ជីសារពើភណ្ឌរបស់ខ្លួនថាតើបានត្រឹមត្រូវហើយឬនៅ មានខ្វះខាតអ្វីខ្លះ ដើម្បីរៀបចំនីតិវិធីចុះបញ្ជី និងជម្រះឱ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យទៅលើទ្រព្យសម្បត្តិដែលបានមកពីសប្បុរសជននានា ដែលបានផ្ដល់ឱ្យសម្រាប់អង្គភាពរដ្ឋក្នុងគ្រប់គ្រង និងប្រើប្រាស់ ក៏ត្រូវតែចុះបញ្ជីសារពើភណ្ឌឱ្យអស់ផងដែរ សំដៅបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង។ ដោយឡែកចំពោះសម្ភារដែលអស់សុផលភាពប្រើប្រាស់លែងកើតត្រូវជម្រះឱ្យអស់ កុំឱ្យបន្សល់ទិន្នន័យស្មុគស្មាញ ជាងនេះទៅទៀតរាល់ដីរបស់រដ្ឋ អាជ្ញាធរទាំងអស់ហាមដាច់ខាតមិនត្រូវអនុញ្ញាតផ្ដល់ឱ្យអ្នកណាម្នាក់មកស្នាក់នៅ ឬអាស្រ័យផលបណ្ដោះអាសន្នឡើយ ជៀសវាងបង្កបញ្ហាស្មុគស្មាញនៅពេលអនាគត។

លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានបញ្ជាក់ក្នុងរបាយការណ៍ថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំរគោល (ឆ្នាំ២០២៤) មាន ៣១ មន្ទីរ-អង្គភាពជំនាញ ដែលបានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឱ្យមានភាពត្រឹមត្រូវបានចំនួន ២៩ អង្គភាព និងកំពុងកែតម្រូវចំនួន ២អង្គភាព ។ ដោយឡែកចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក សរុបមានចំនួន ១៤អង្គភាព បានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បានបញ្ជូន មកមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឲ្យមានភាពត្រឹមត្រូវបានចំនួន ១៤អង្គភាព ស្មើនឹង ១០០%។ លោកស្រីបានបន្តថា សម្រាប់រដ្ឋបាលឃុំ-សង្កាត់ សរុបចំនួន ១២៧អង្គភាពបានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឱ្យមានភាពត្រឹមត្រូវបាន ចំនួន ១២៧អង្គភាព ស្មើនឹង ១០០%។

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

fb img 1757563213871 fb img 1757563210943 fb img 1757563197050 fb img 1757563199199 fb img 1757563207674 fb img 1757563201650 fb img 1757563217121 fb img 1757563220292 fb img 1757563223479 fb img 1757563226031 fb img 1757563229783

Scroll to Top