ខេត្តសៀមរាប ៖ ជាករណីគួរឱ្យសោកស្តាយ ដែលបុរសម្នាក់ត្រូវរថយន្តនគរបាលអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋានខេត្ត បើកបំពានភ្លើងស្តុបហើយបុកម៉ូតូពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង និងបង្កការភ្ញាក់ផ្អើលទាំងយប់ ។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៤៧នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅលើផ្លូវជាតិលេខ៦ ចំណុចស្តុបក្រួស ស្ថិតក្នុងភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ជនរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅ ឡើយទេនៅពេលភ្លាមៗនោះ ជិះម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១A-៤៥៨៩ ហើយសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តរបស់នគរបាលអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋានខេត្តសៀមរាប ដែលបើកបំពានភ្លើងស្តុបនោះ ពាក់ផ្លាកលេខ ន.ប២.០៤២៨ ។
ករណីគ្រោះថ្នាក់នេះ អ្នកកាសែតមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងនិងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តបានទេ ដោយសារទូរស័ព្ទហៅចូលហើយគ្មានអ្នកទទួល។
ប៉ុន្តែពាក់ព័ន្ធនឹងករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត សៀមរាបបានបំភ្លឺថា នៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៦ ត្រង់ចំណុច ស្តុបឈ្នះឈ្នះ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AA 4589 បើកបរទិសដៅពីត្បូងទៅជើង មកប៉ះជាមួយ រថយន្តម៉ាក TOYOTA Vigo ពណ៌ខ្មៅ ផ្លាកលេខ នគរបាល 2-0428 បើកបរទិសដៅពីលិចទៅកើត(ចេញពីស្នងការ ដ្ឋាននគរបាលខេត្ត) បណ្តាលឱ្យអ្នកបើកបរម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុប្រាដកមែន ។
ដោយរថយន្តម៉ាក TOYOTA Vigoពណ៌ខ្មៅផ្លាកលេខ នគរបាល 2-0428 ជារថយន្តការិយាល័យ អន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប កំពុងចុះប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ ស្តែង(ករណីជនជាតិចិនកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់) នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ព្រម ទាំង មានបើកភ្លើងសញ្ញាអាទិភាពនៅពីលើរថយន្ត ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងឱ្យការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកស្រាវជ្រាវ និងចាត់ការតាមនីតិវិធី៕


