ប្រជាពលរដ្ឋនៅភូមិកោះរះឃុំកោះរះស្រុកល្វាឯមខេត្តកណ្ដាលសុទ្ធតែបានឃើញនិងរិះគន់ចំពោះសំណង់រឹងមាំមួយកន្លែងសងលុយចូលផ្ទៃទន្លេមេគង្គយ៉ាងឆ្ងាយដែលធ្វើឲ្យមើលទៅទាស់ភ្នែកយ៉ាងខ្លាំង។ អាជ្ញាធរស្រុកល្វាឯមអះអាងថា សំណង់នោះមិនបានសុំច្បាប់ទេ បើទោះបីជាអាជ្ញាធរបានទៅហាមឃាត់ច្រើនដងក៏ដោយ។
នៅរដូវទឹកតម្លើងនេះគេសង្កេតឃើញសំណង់នោះចាក់បេតុង លយចូលក្នុងទន្លេមេគង្គយ៉ាងវែង។ បើតាមមើលទិដ្ឋភាពជាក់ស្ដែងគេរៀបចំវាជាកន្លែងកំសាន្តរបស់ម្ចាស់គេហដ្ឋាននោះ ដែលជាអ្នកមានទ្រព្យធនស្ដុកស្ដម្ភនៅរាជធានីភ្នំពេញ។ ម្ចាស់សំណង់នេះមិនមែនមិនដឹងអំពីទង្វើរបស់ខ្លួនបំពានច្បាប់ប្រទេសនោះទេ ប៉ុន្តែទំនងជាអាងអំណាចឬជាអ្នកមានលុយស្តុកស្ដម្ភ។
អ្នកភូមិនៅជិតនោះប្រាប់ថា ម្ចាស់ទីតាំងបានព្យាយាមសង់សំណង់នេះម្ដងហើយ ម្ដងទៀត បើទោះបីជាវាបានបាក់ស្រុតចូលទន្លេម្ដងហើយម្ដងទៀត យ៉ាងណាក៏ ដោយ។ នៅភូមិខាងលើបាននិយាយថា នៅកន្លែងនេះច្រាំងវាចោទខ្លាំងណាស់ ដូច្នេះនៅពេលគេសង់ចាក់បេតុងចូលគឺវាតែងតែបាក់ស្រុតចូលទន្លេ ច្រើនដងមកហើយប៉ុន្តែម្ចាស់គេនៅតែព្យាយាមចាក់បេតុងឲ្យបានរឹងមាំដើម្បីសង់លយចូលទន្លេម្ដងហើយម្ដងទៀត។
អ្នកភូមិនៅតំបន់នោះរិះគន់ត្រង់ៗចំពោះម្ចាស់សំណង់រឹងមាំលយចូលទន្លេមេគង្គនេះថាជាអ្នកមានទ្រព្យធន់ឬជាអ្នកមានអំណាចប៉ុន្តែមិនគោរពច្បាប់ប្រទេសជាតិ។ គេនិយាយថា ប្រជាពលរដ្ឋយើងក្រីក្រមិនហ៊ានធ្វើយ៉ាងដូច្នេះទេ ប៉ុន្តែសម្រាប់គេអ្នកមានលុយ,មានអំណាចគេចង់ធ្វើអ្វីក៏បានដែរ។ បើប្រជាពលរដ្ឋយើងវិញធ្វើតែប៉ុណ្ណេះមុខជាសមត្ថកិច្ច គេចុះមកចាប់ផ្ដន្ទាទោសបាត់ទៅហើយ។
លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម ថ្លែងប្រាប់អ្នកកាសែតឱ្យដឹងយ៉ាងដូច្នេះថា អាជ្ញាធរស្រុកបានចុះទៅហាមឃាត់ច្រើនដងមកហើយ ប៉ុន្តែគេមិនគោរពតាមច្បាប់។ លោកបានបន្តថា សំណង់នោះគ្មានច្បាប់ទេគឺគ្មាននរណាអនុញ្ញាតច្បាប់ឲ្យឡើយ។ ដូច្នេះហើយ អាជ្ញាធរបានចុះទៅហាមឃាត់ជាច្រើនដងមកហើយ។ប៉ុន្តែម្ចាស់សំណងមិនព្រមសហការនោះឡើយ។
គេមិនដឹងថា តើអាជ្ញាធរស្រុកល្វាឯម ក៏ដូចជារដ្ឋបាលខេត្តកណ្ដាលបិទភ្នែកឱ្យជនអ្នកមានលុយមានអំណាច ធ្វើអ្វីបំពានច្បាប់ប្រទេសយ៉ាងដូច្នេះឬ? ប្រជាពលរដ្ឋនៅឃុំកោះរះមិនសង្ឃឹមថា អាជ្ញាធរអាចនឹងអនុវត្តច្បាប់ឲ្យ បានស្មើភាពចំពោះបញ្ហាសំណង់អនាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ។ យ៉ាងណាក៏ដោយ គេសង្ឃឹមទៅលើលោកគួច ចំរើន អភិបាលខេត្តកណ្ដាលថាមិនបណ្ដោយឲ្យមានបញ្ហាយុត្តិធម៌នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ៕


