អភិបាលខេត្តកំពង់ចាម អញ្ជើញបើកវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋ បាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរផែនការខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃវេទិកាពិគ្រោះយោបល់នេះគឺ៖ ទី១៖ ផ្សព្វផ្សាយជាសាធារណៈអំពីដំណើរការ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និងឃុំ- សង្កាត់ ។ ទី២៖ ស្វែងរកប្រភពធនធានពីដៃគូអភិវឌ្ឍន៍នានា ដើម្បីមានមូលនិធិគ្រប់គ្រាន់ក្នុងកិច្ច អភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។ ទី៣៖ តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្នាំចាស់ ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និងឃុំ- សង្កាត់ គឺជាការអនុវត្តស្របទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែល តម្រូវឱ្យមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ដៃគូរអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យ ឯកជននានា ជួយគាំទ្រគម្រោង សកម្មភាព អាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ-សង្កាត់ ដែលមិនទាន់មានថវិកាគាំទ្រសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត និងអរូបវន្តជាពិសេសការកែលម្អ សោភណ្ឌភាពទីក្រុង និងការ លើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ៕

Scroll to Top