រឿងលក់ដីត្រពាំងសហគមន៍នៅសង្កាត់ឃ្មួញកំពុងចម្រូងចម្រាស់ ព្រោះអ្នកតូចបានតិច អ្នកធំបានច្រើន

រឿងលក់ដីត្រពាំងសហគមន៍នៅសង្កាត់ឃ្មួញកំពុងចម្រូងចម្រាស់ ព្រោះអ្នកតូចបានតិច អ្នកធំបានច្រើន

ភ្នំពេញ÷ប្រជាពលរដ្ឋ៥គ្រួសារមិនព្រមចំពោះការលក់ត្រពាំងសហគមន៍នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះទេ ក៏ព្រោះតែទំនងជាទទួលបានផលលាបតិចតួចពេក នៅស្របពេលដែលមានសេចក្តីរាយការណ៍ថា មន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់,ខណ្ឌទទួលបានផលប្រយោជន៍ច្រើន។

នៅក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ៥គ្រួសារកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៥បានឲ្យដឹងថា ពួកយើងខ្ញុំនិងម្តាយឪពុកធ្លាប់អាស្រ័យផលដីត្រពាំងទឹករួម របស់សហគមន៍១កន្លែងទំហំប្រមាណជាង២,០០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិបន្លាស្អិតសង្កាត់ឈ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពួកយើងធ្លាប់អាស្រ័យផលដោយបូម ទឹកប្រើប្រាស់ប្រចាំថ្ងៃស្រោចស្រពដំណាំ,បូមត្រីចែកគ្នាហូប និងចុងក្រោយគឺស្តុកទឹក ក្រោយពេលភ្លៀងកុំឱ្យ លិចលង់ភូមិដ្ឋានផ្ទះសម្បែង ព្រោះតំបន់នេះនៅមិន ទាន់មានលូបង្ហូរទឹកនៅឡើយ។

ទើបនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ពួកយើងខ្ញុំដែលកំពុងរស់នៅជុំវិញត្រពាំងរួម នេះ បានឃើញឡានដឹកដីនិងខ្សាច់ជាច្រើនគ្រឿង ថែមទាំងមានគ្រឿងចក្ររុញលុបត្រពាំងនេះ យកធ្វើជាកម្មសិទ្ធិឯកជន មិនដឹងថា អ្នកណាជាអ្នកលក់,ទិញ ហើយអាជ្ញាធរណាខ្លះបានឃុបឃិត ចូលរួមចុះហត្ថលេខាដឹងឮ ទើបពួកខ្ញុំប្តឹងទៅអាជ្ញាធរឱ្យជួយអន្តរាគមន៍ទប់ស្កាត់ ក៏លេចឮដំណឹងថា មានការលក់ទិញដីនេះ ថែមទាំងមានប្លង់រឹងទៀត ផង ទើបអ្នកទិញហ៊ានចាក់ដី។

អ្នកភូមិមួយចំនួនខ្សឹបថា នេះគឺជាបញ្ហាផលប្រយោជន៍ដែលអាជ្ញាធរលេបយកជំនួសប្រជាពលរដ្ឋពិតប្រាកដទើបបានកើតជាបញ្ហានេះ។ ប្រភពបានឲ្យដឹងថា ចាប់ពីថ្នាក់ប្រធានភូមិ,ចៅសង្កាត់,ចៅសង្កាត់រងក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំខណ្ឌ…សុទ្ធតែទទួលបានផលប្រយោជន៍លើសលប់ស្របពេលដែលប្រជាពលរដ្ឋដែលជាម្ចាស់នៃសហគមន៍ ទទួលបានផលប្រយោជន៍តិចតួចបំផុត។ចំណុចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋ ដែលមិនទទួលបានផលប្រយោជន៍មានប្រតិកម្ម។

ឆ្លើយតបនឹងបញ្ហានេះមេភូមិបន្លាស្អិតបានឲ្យដឹងថា ជាការពិតត្រពាំងសហគមន៍នោះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាឡើយ។ ប៉ុន្តែប្រជាពលរដ្ឋនៅជុំវិញត្រពាំងសហគមន៍ បានព្រមព្រៀងគ្នាលក់ដើម្បីយកលុយមកកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍មូលដ្ឋាន។បើទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋបានទទួលចំណែកទៅតាមទិដ្ឋភាពជាក់ស្ដែងដោយគ្រួសារខ្លះទទួលបាន២០០ដុល្លារ,៣០០,៥០០០,៨០០.. រហូត ដល់គ្រួសារខ្លះបាន១ពាន់ដុល្លារ។

លោកមេភូមិចាត់ទុកប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងថ្មីៗនេះថាជាអ្នកចំណូលថ្មី។យ៉ាងណាក៏ដោយអាជ្ញាធរព្យាយាមសម្របសម្រួលដើម្បីបញ្ចប់បញ្ហា។ ជាមួយនេះលោកមេភូមិហាក់ដូចជាព្យាយាមលាក់អត្តសញ្ញាណភាគីដែលទិញដីនោះផងដែរ។

ចៅសង្កាត់ឃ្មួញឆ្លើយហាក់ដូចជាតតិតតុបផ្ទុយពីអ្វីដែលប្រធានភូមិបានលើកឡើង។ លោកចៅសង្កាត់និយាយថា បើគ្មានការព្រមព្រៀងពីប្រជាពលរដ្ឋ,គ្មានអ្នកណាលក់ទេ។

ប្រជាពលរដ្ឋនៅសហគមន៍បន្លាស្អិតនិយាយថាផល ប្រយោជន៍ដែលបានពីការលក់ត្រពាំងសហគមន៍នេះគឺបានទៅធ្លាក់ដល់អាជ្ញាធរសង្កាត់,ខណ្ឌច្រើនជាងប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលជាអ្នកនៅផ្ទាល់និងកន្លែងទៅវិញ។ ហេតុដូច្នេះហើយបានជានាំឲ្យមានប្រតិកម្ម។

ករណីនេះគួរតែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីសមត្ថកិច្ចស្ថាប័នជំនាញដូចជាក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយជាដើម៕

Scroll to Top