ខេត្តកណ្ដាល៖ ករណីសំណង់សាងសង់រំលោភលើផ្លូវសាធារណៈរបស់លោក ស៊ិន សំអាង មេឃុំបែកចាន កំពុងតែរងការរិះគន់យ៉ាងក្តៅគគុកពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងនៅលើបណ្តាញសង្គម ដោយសារតែសកម្មភាពនេះត្រូវបានមើលឃើញថាជា «គំរូមិនល្អ» ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតចូលមកដល់។
ផ្អែកតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីអំឡុងខែសីហាកន្លងទៅ ក្រុមការងាររដ្ឋបាលស្រុកអង្គស្នួល ដឹកនាំដោយលោកអភិបាលរងស្រុក បានចុះត្រួតពិនិត្យ និងវាស់វែងដោយផ្ទាល់ ដោយបានណែនាំ និងកំណត់យ៉ាងច្បាស់ថាមិនអនុញ្ញាតឱ្យមានការសាងសង់សំណង់នៅលើដីផ្លូវសាធារណៈឡើយ។ នាពេលនោះ លោក ស៊ិន សំអាង ក៏បានយល់ព្រមតាមការណែនាំរួចហើយដែរ។ ប៉ុន្តែ បើទោះបីជាមានការហាមឃាត់ និងការព្រមព្រៀងយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ លោកមេឃុំបែកចាន បែរជាបន្តសាងសង់សំណង់បន្ទប់ជួលនោះរហូតរួចរាល់ ដែលជាការបំពានការណែនាំរបស់អាជ្ញាធរស្រុក និងច្បាប់រដ្ឋរហូតដល់ទៅពីរដង។
ជុំវិញបញ្ហានេះ លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល បានចេញមុខបញ្ជាក់ជំហរយ៉ាងច្បាស់ៗនៅក្នុងក្រុមតេឡេក្រាម «ព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកអង្គស្នួល» ដោយលើកឡើងថា៖ «ខ្ញុំមិនមានការអនុញ្ញាតបែបនេះទេ»។
លោកអភិបាលស្រុកបានគូសបញ្ជាក់បន្ថែមថា៖ «ត្រូវអនុវត្តច្បាប់ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់គ្នា ជាពិសេសត្រូវធ្វើជាគំរូដល់ពលរដ្ឋ ដើម្បីភូមិឃុំយើងល្អ»។
ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលដែលមានការរិះគន់ជាខ្លាំង ក៏មានអ្នកសារព័ត៌មានមួយចំនួនបានសម្តែងការយល់ឃើញថា ការផ្សព្វផ្សាយតែលើករណីសំណង់លោកមេឃុំ គឺជាព័ត៌មាន «មួយជ្រុង» ដោយពួកគេបានស្នើឱ្យមានការផ្សព្វផ្សាយអំពីបទល្មើសសំណង់រំលោភផ្លូវចាប់ពីស្តុបបែកចាន រហូតដល់ចំណុចបន្ទប់ជួលរបស់លោកមេឃុំទាំងអស់ ទើបហៅថាមានសមភាព។ ទោះជាយ៉ាងណា ការលើកឡើងនេះត្រូវបានមហាជនមើលឃើញថា ហាក់បីដូចជាទម្លាក់ចោលនូវកាតព្វកិច្ច និង «ភាពជាគំរូ» របស់អ្នកដឹកនាំមូលដ្ឋាន ដែលត្រូវតែជាបុគ្គលគំរូមុនគេក្នុងការគោរពច្បាប់។
បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជនបែកចាន កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ មើលអំពីចំណាត់ការ និងកណ្តាប់ដៃដែករបស់រដ្ឋបាលស្រុកអង្គស្នួល ថាតើនឹងមានវិធានការផ្លូវច្បាប់តឹងរ៉ឹងកម្រិតណា ដើម្បីតម្រង់ទិសលោកមេឃុំ ស៊ិន សំអាង ឱ្យដើរតាមគន្លងច្បាប់ឡើងវិញ និងដើម្បីស្តារជំនឿទុកចិត្តពីប្រជាពលរដ្ឋមុនថ្ងៃបោះឆ្នោតមកដល់៕



