អនាគតកម្ពុជាស្ថិតលើចុងប៊ិច! អភិបាលខេត្តកំពង់ចាម ជំរុញអាណាព្យាបាលនាំកូនៗចូលរៀន និងផ្តាំផ្ញើគន្លឹះសំខាន់ៗ៤យ៉ាងដល់សិស្សានុសិស្ស

អនាគតកម្ពុជាស្ថិតលើចុងប៊ិច! អភិបាលខេត្តកំពង់ចាម ជំរុញអាណាព្យាបាលនាំកូនៗចូលរៀន និងផ្តាំផ្ញើគន្លឹះសំខាន់ៗ៤យ៉ាងដល់សិស្សានុសិស្ស

កំពង់ចាម៖ «ចំណេះដឹងគឺជាកូនសោបើកទ្វារទៅកាន់អនាគតដ៏រុងរឿង» នេះជាសារគន្លឹះដ៏មានអត្ថន័យជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងឱកាសអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន ដែលប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅ វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវនាវយ៉ាងទទូចដល់ មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមមេត្តាពន្លឿននាំកូនចៅមកចុះឈ្មោះចូលរៀនឱ្យបានទាន់ពេលវេលា ព្រមទាំងផ្តល់ការគាំទ្រ លើកទឹកចិត្ត និងបង្កើតបរិយាកាសអំណោយផលដល់ការសិក្សារបស់កូនៗ តាមរយៈការជួយបង្រៀនបន្ថែម និងដាស់តឿនឱ្យពួកគាត់ខិតខំប្រឹងប្រែងជានិច្ច។

ថ្លែងទៅកាន់ក្មួយៗជាសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកឱ្យខិតខំកសាងខ្លួនឱ្យក្លាយជាបុគ្គលគំរូតាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលដៅទាំង ៤៖

១. កូនល្អ ស្ដាប់បង្គាប់ មើលថែ និងដឹងគុណឳពុកម្តាយ អាណាព្យាបាល។

២. សិស្សល្អ ខិតខំរៀនសូត្រគោរពវិន័យសាលារៀន និងក្រមសីលធម៌។

៣. មិត្តល្អ ចេះជួយគ្នាទៅវិញទៅមក និងចៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ។

៤. ពលរដ្ឋល្អ គោរពច្បាប់ទម្លាប់ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តមបានបញ្ជាក់យ៉ាងមុតមាំថា «ក្មួយៗត្រូវចងចាំថា ខ្លួនឯងគឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួននាពេលអនាគត មានតែការអប់រំ និងចំណេះដឹងទេ ដែលជាអាវុធដ៏មុតស្រួចក្នុងការកសាងអនាគតដ៏ភ្លឺស្វាង»។

ទន្ទឹមនឹងការលើកទឹកចិត្តដល់សិស្សានុសិស្ស ឯកឧត្តមអភិបាលខេត្តក៏បានបង្ហាញការកោតសរសើរដល់ លោកគ្រូ អ្នកគ្រូ ដែលជា “ឪពុកម្ដាយទីពីរ” និងជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ដោយបានជំរុញឱ្យបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប់ជាប្រចាំ ទាំងផ្នែកវិធីសាស្ត្របង្រៀនទំនើប ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីឆ្លើយតបទៅនឹងបរិបទអប់រំសម័យថ្មី។

ក្រសែភ្នែកនៃការអភិវឌ្ឍក៏ត្រូវបានបង្ហាញផងដែរតាមរយៈការស្នើសុំដល់ មន្ទីរអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ឱ្យខិតខំពង្រីកសក្តានុពលទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ប្រែក្លាយសាលារៀនឱ្យទៅជា សាលាកុមារមេត្រី សាលារៀនកម្រិតអភិវឌ្ឍន៍ សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងយកចិត្តទុកដាក់លើសុខភាពសិក្សានិងសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់រូបផងដែរ៕

Scroll to Top