ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ចុះសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ប្រតិបត្តិការការពារសន្តិសុខនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដើម្បធានាសុវត្ថិភាពខ្ពស់បំផុត ក្នុងឱកាសនៃពិធីទទួលព្រះរាជដំណើរយាងត្រឡប់មកវិញរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យ ស្តេចយាងនិវត្តន៍ត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានយាងពិនិត្យ និងព្យាបាលព្រះរាជសុខភាពរួចមក។
ពិធីទទួលព្រះរាជដំណើរ និងសកម្មភាពការពារសន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាឱកាសនោះ បានប្រព្រឹត្តទៅដោយរលូន រៀបរយ និងមានសុវត្ថិភាពជាស្ថាពរ៕


