ក្ដៅៗ! នគរបាលខេត្តកំពង់ចាម ស្ទាក់ចាប់បានចោរប្លន់ប្រដាប់អាវុធ និងមានដីកាចាប់ខ្លួន ៣នាក់!

ក្ដៅៗ! នគរបាលខេត្តកំពង់ចាម ស្ទាក់ចាប់បានចោរប្លន់ប្រដាប់អាវុធ និងមានដីកាចាប់ខ្លួន ៣នាក់!

ខេត្តកំពង់ចាម៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងស្រុកព្រៃឈរ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលជាមុខសញ្ញាប៉ុនប៉ងលួច និងធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ ព្រមទាំងជាមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួននាពេលកន្លងមក។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពេលដែលកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ទូទាំងខេត្តកំពង់ចាម កំពុងបន្តខិតខំបំពេញបេសកកម្មល្បាតចល័ត ក្នុងភូមិសាស្ត្រងាយរងគ្រោះ ដើម្បីការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងអំឡុងពេលចុះល្បាត កម្លាំងជំនាញបានប្រទះឃើញ និងកំណត់មុខសញ្ញាសង្ស័យភ្លាមៗ ដោយបានឈានទៅដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ រួមមាន៖

១. ស្រុកចំការលើ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់

២. ស្រុកព្រៃឈរ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់

ក្រោយការនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ជនសង្ស័យទាំង ៣នាក់ បានសារភាពថា ពួកគេពិតជាបានរៀបចំផែនការប៉ុនប៉ងលួច និងធ្លាប់បានធ្វើសកម្មភាពលួចយកម៉ូតូ ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនាពេលកន្លងមកពិតប្រាកដមែន។

បច្ចុប្បន្ន ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តការស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាទុកដាក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។

មេត្តាចូលរួមសហការផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សជូនសមត្ថកិច្ច ប្រសិនបើមានការសង្ស័យ ឬឃើញសកម្មភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងមូលដ្ឋាន៕

 

 

Scroll to Top