ខេត្តតាកែវ៖ ឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងការលំបាក និងក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដាក់សំណើជាបន្ទាន់ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសាងសង់ផ្លូវខ្នងទំនប់ត្នោតទេ ជាប្រភេទផ្លូវកៅស៊ូ (BDST) ដែលមានប្រវែងជិត ៣,០០០ម៉ែត្រ ស្ថិតក្នុងឃុំលំចង់ និងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាននារសៀលថ្ងៃនេះ។
ការអន្តរាគមន៍ជាបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីបណ្ដាញសារព័ត៌មានពេញចិត្តមេឌា មានការចុះផ្សាយព័ត៌មានអំពីទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរលើកំណាត់ផ្លូវខូចខាតធ្ងន់ធ្ងរជិត ៣គីឡូម៉ែត្រមួយខ្សែនេះ ជាពិសេសនៅក្នុងអំឡុងពេលដែលពិធីបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់ ដែលទាមទារឱ្យមានការចាត់វិធានការដោះស្រាយជាប្រញាប់។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានបញ្ជាក់ថា ឯកឧត្តមវុី សំណាង អភិបាលខេត្តតាកែវ ធ្វើសំណើផ្លូវការបន្ទាន់ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំសាងសង់ផ្លូវកៅស៊ូ BDST នេះ គឺធ្វើឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល សម្រួលដល់ការធ្វើដំណើរ និងដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យបានយូរអង្វែង។
តាមរយៈចំណាត់ការយ៉ាងយកចិត្តទុកដាក់ និងទាន់ពេលវេលារបស់រដ្ឋបាលខេត្តតាកែវនាពេលនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំលំចង់ និងឃុំទ្រា សម្តែងនូវក្តីសង្ឃឹម និងអបអរសាទរ ដោយរំពឹងថាផ្លូវខ្នងទំនប់ត្នោតទេនឹងត្រូវ បានស្ថាបនាឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗឱ្យកាន់តែមានភាពរលូន៕


