ខេត្តតាកែវ៖ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក សោ សុផល អភិបាលរងក្រុងដូនកែវ តំណាងលោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងដោះស្រាយករណីសំណង់មួយកន្លែងដែលត្រូវបានសាងសង់រំលោភចូលចំណីផ្លូវជាតិលេខ២ ស្ថិតនៅភូមិអូស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្រប ស្របតាមបទប្បញ្ញត្តិ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធានាថា ការប្រើប្រាស់ដី និងការសាងសង់សំណង់នៅតាមដងផ្លូវសាធារណៈ មិនបង្កការរំខានដល់សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងផលប្រយោជន៍សាធារណៈ។
ក្នុងជំនួបដោះស្រាយ អាជ្ញាធរក្រុងដូនកែវបានធ្វើការណែនាំ និងពន្យល់ដល់ភាគីម្ចាស់សំណង់អំពីបញ្ហាដែលកើតមាន ពាក់ព័ន្ធនឹងការសាងសង់សំណង់ចូលក្នុងចំណីផ្លូវជាតិលេខ២ និងសារៈសំខាន់នៃការចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីចៀសវាងបញ្ហាដែលអាចកើតមានជាបន្តបន្ទាប់។
ជាលទ្ធផល ភាគីម្ចាស់សំណង់បានយល់ព្រម និងឯកភាពអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយស្ម័គ្រចិត្តរុះរើសំណង់ដែលរំលោភចូលចំណីផ្លូវចេញវិញ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងផលប្រយោជន៍សាធារណៈ។
ការដោះស្រាយករណីនេះត្រូវបានធ្វើឡើងដោយសន្តិវិធី តាមរយៈការពិភាក្សា ណែនាំ និងការឯកភាពគ្នារវាងអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដែលជាការរួមចំណែកក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ៕


