ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃុន សុវណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលស្រុកកោះសូទិន បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីរៀបចំ «វេទិកាសាធារណៈ» និងចុះពិនិត្យស្ថានភាពជីវភាព រួមទាំងផលប៉ះពាល់ផ្សេងៗរបស់ប្រជាពលរដ្ឋ។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ គាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ តាមរយៈវេទិកាសាធារណៈនេះ ក្រុមការងារបានដោះស្រាយ និងកត់ត្រានូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់។
បន្ទាប់ពីការបិទវេទិកាសាធារណៈ លោកអភិបាលរងស្រុក ព្រមទាំងអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ បានចុះដើរផ្ទាល់តាមផ្លូវលំ និងតំបន់ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងឃុំពង្រ។ សកម្មភាពចុះពិនិត្យដល់ទីកន្លែងនេះ រួមមានការសាកសួរទុក្ខធុរៈប្រជាពលរដ្ឋ ពិនិត្យស្ថានភាពផ្លូវធ្វើដំណើរ និងការសម្រួលដល់ការលំបាកផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីមានវិធានការជួយសង្គ្រោះ និងដោះស្រាយបានទាន់ពេលវេលា៕


