ខេត្តតាកែវ៖ ឆ្លើយតបចំពោះការរាយការណ៍ និងកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប្រមូលភាស៊ីលើសសៀវភៅបន្ទុកនៅផ្សារល្វេរ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យជាក់ស្តែងនៅទីតាំងផ្សារ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ថា អាជីវករលក់ដូរមួយចំនួននៅផ្សារល្វេរ ត្រូវបានប្រមូលភាស៊ីលើសពីអត្រាដែលមានចែងក្នុងសៀវភៅបន្ទុក។
ក្រោយពីចុះសាកសួរ និងពិនិត្យផ្ទាល់នៅនឹងកន្លែង លោកអភិបាលស្រុក និងក្រុមការងារ បានផ្ទៀងផ្ទាត់ឃើញថា ការប្រមូលភាស៊ីលើសសៀវភៅបន្ទុក ពិតជាមានករណីកើតឡើង ដូចការរាយការណ៍របស់ប្រជាពលរដ្ឋ និងអាជីវករ។
ជាមួយគ្នានេះ លោក អ៊ុំ ចំរើន បានណែនាំ និងបញ្ជាឱ្យអ្នកពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់នូវការប្រមូលភាស៊ីលើសអត្រាដែលបានកំណត់ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត និងសៀវភៅបន្ទុករបស់រដ្ឋ។
លោកអភិបាលស្រុកបានបញ្ជាក់ថា អាជ្ញាធរមិនលើកលែងចំពោះសកម្មភាពណាមួយដែលអនុវត្តផ្ទុយពីគោលការណ៍ និងសៀវភៅបន្ទុកដែលបានកំណត់នោះឡើយ ហើយបានជំរុញឱ្យអ្នកពាក់ព័ន្ធចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ និងមានតម្លាភាព។
លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលបានរាយការណ៍ព័ត៌មាន និងលើកឡើងពីបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរអាចចុះពិនិត្យ និងដោះស្រាយបានទាន់ពេលវេលា៕


