ភ្នំពេញ៖ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយប្រកាសបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឡាយវីដេអូអត្ថាធិប្បាយចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងពីសំណាក់បុគ្គលម្នាក់ ដែលបានទម្លាក់កំហុសមកលើអ្នកសារព័ត៌មានកម្ពុជាថា «ដើរគាបស៊ី និងជំរិតទារប្រាក់»។
យោងតាមសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយ លោក មីន ចាន់ធី ប្រធានសមាគម បានគូសបញ្ជាក់ថា ការវាយតម្លៃបែបសន្និដ្ឋានទូទៅ និងក្នុងចេតនាទុច្ចរិតរបស់បុគ្គលរូបនេះ បានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការលះបង់របស់អ្នកសារព័ត៌មានអាជីពទូទាំងប្រទេស។
សមាគមបានរំលេចនូវចំណុចសំខាន់ៗចំនួន ៣ ក្នុងការបំភ្លឺជូនសាធារណជន រួមមាន៖
១. បុគ្គលអត្ថាធិប្បាយមិនមែនជាអ្នកសារព័ត៌មាន សមាគមបញ្ជាក់ថា បុគ្គលដែលចេញមុខឡាយវីដេអូនោះ ពុំមែនជាអ្នកសារព័ត៌មានអាជីព ឬជាសមាជិកស្ថាប័នសារព័ត៌មានស្របច្បាប់ណាមួយឡើយ។ ការលើកឡើងនោះកើតចេញពីការយល់ឃើញផ្ទាល់ខ្លួន ខ្វះការយល់ដឹងពីវិជ្ជាជីវៈ និងមានចេតនាបន្ទាបតម្លៃស្ថាប័នសារព័ត៌មាន។
២. គុណបំណាច់របស់អ្នកសារព័ត៌មានចំពោះជាតិ ផ្ទុយពីការចោទប្រកាន់ អ្នកសារព័ត៌មានអាជីពគឺជា «កញ្ចក់ឆ្លុះបញ្ចាំងសង្គម» និងជា «ដៃគូមិនអាចខ្វះបាន» របស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ស្របតាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកតែងតែថ្លែងអរគុណដល់អ្នកសារព័ត៌មានដែលបានដើរតួជា «ភ្នែកច្រមុះ» ក្នុងការចុះយកព័ត៌មាន និងលាតត្រដាងភាពមិនប្រក្រតី ដូចជាករណីក្រុមហ៊ុនម៉ៅការមួយចំនួនធ្វើផ្លូវគ្មានគុណភាព បង្កការខូចខាតដល់ថវិការដ្ឋជាដើម។
៣. សមាគមដាច់ខាតមិនគាំទ្រ ឬការពារបុគ្គលណាដែលជ្រកក្រោមស្លាកសារព័ត៌មានដើម្បីប្រព្រឹត្តបទល្មើសនោះឡើយ។ ប្រសិនបើមានករណីល្មើសកើតឡើង ជនរងគ្រោះ ឬអាជ្ញាធរគួរចាត់វិធានការតាមផ្លូវច្បាប់ និងក្រមសីលធម៌ ជាជាងការអង្គុយឡាយវីដេអូជេរប្រមាថ និងមួលបង្កាច់អ្នកសារព័ត៌មានទាំងមូលបែបនេះ។
ជាទីបញ្ចប់ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាពិចារណាដោយវិចារណញាណ កុំជឿលើការអត្ថាធិប្បាយលំអៀងគ្មានមូលដ្ឋាន និងសូមបន្តចូលរួមគាំទ្រ លើកទឹកចិត្តដល់អ្នកសារព័ត៌មានអាជីពដែលកំពុងបំពេញបេសកកម្មបម្រើជាតិ និងប្រជាជនដោយស្មោះត្រង់៕


