ពលរដ្ឋក្រីក្រខកចិត្ត! ធ្វើដំណើរឆ្ងាយពឹងមន្ទីរកិច្ចការនារីខេត្តតាកែវជួយរកយុត្តិធម៌ឱ្យកូនស្រី ប៉ុន្តែត្រូវជំរុញឱ្យត្រឡប់ទៅដោះស្រាយនៅមូលដ្ឋានវិញ

ពលរដ្ឋក្រីក្រខកចិត្ត! ធ្វើដំណើរឆ្ងាយពឹងមន្ទីរកិច្ចការនារីខេត្តតាកែវជួយរកយុត្តិធម៌ឱ្យកូនស្រី ប៉ុន្តែត្រូវជំរុញឱ្យត្រឡប់ទៅដោះស្រាយនៅមូលដ្ឋានវិញ

ខេត្តតាកែវ៖ រឿងរ៉ាវជម្លោះពាក្យសម្តីជេរប្រមាថលើក្មេងស្រីអនីតិជនម្នាក់ បានរីករាលដាលដល់ថ្នាក់ខេត្ត បន្ទាប់ពីអាណាព្យាបាលរងគ្រោះសម្រេចចិត្តធ្វើដំណើរយ៉ាងលំបាកមកស្នើសុំអន្តរាគមន៍ពី មន្ទីរកិច្ចការនារីខេត្តតាកែវ ដោយសារការស្វែងរកដំណោះស្រាយនៅថ្នាក់មូលដ្ឋានកន្លងមកមិនទាន់មានលទ្ធផល។

តាមការរៀបរាប់ពីក្រុមគ្រួសាររស់នៅភូមិព្រែកផ្ទោល ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ក្មេងស្រីអនីតិជនដែលជាកូនដើមបណ្តឹង ត្រូវបានស្ត្រីម្នាក់ឈ្មោះ សារឿន (រស់នៅក្បែរតំបន់ប្រាសាទភ្នំដា) ប្រើពាក្យសម្តីជេរប្រមាថធ្ងន់ធ្ងរ។ ដោយសារមិនទទួលបានដំណោះស្រាយសមស្របពីអាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន គ្រួសាររងគ្រោះបានសម្រេចចិត្តចំណាយថវិកា និងពេលវេលាធ្វើដំណើរមកកាន់ទីរួមខេត្តតាកែវ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយក្តីសង្ឃឹមថា ស្ថាប័នជំនាញផ្នែកការពារស្ត្រី និងកុមារ អាចជួយលូកដៃសម្របសម្រួលបាន។

ជុំវិញករណីនេះ លោកស្រី ម៉ន រចនា មន្ត្រីមន្ទីរកិច្ចការនារីខេត្តតាកែវ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖មន្ទីរមិនមែនជាស្ថាប័នទទួលពាក្យបណ្តឹងជំនួសអាជ្ញាធរមានសមត្ថកិច្ចឡើយ។

លោកស្រីបន្តថា តួនាទីដើមរបស់មន្ទីរ គឺផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងណែនាំនីតិវិធីដល់ជនរងគ្រោះតែប៉ុណ្ណោះ។

លោកស្រីបានណែនាំឱ្យអាណាព្យាបាលត្រឡប់ទៅដាក់ពាក្យបណ្តឹងផ្លូវការនៅអាជ្ញាធរឃុំ ឬប៉ុស្តិ៍នគរបាលរដ្ឋបាលជាមុនសិន ហើយប្រសិនបើនៅតែមានការរាំងស្ទះ ទើបអាចត្រឡប់មកទទួលការប្រឹក្សាពីមន្ទីរសារជាថ្មី។

ការឆ្លើយតបនេះបានធ្វើឱ្យអាណាព្យាបាលក្មេងស្រីបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយពួកគាត់បញ្ជាក់ថា ខ្លួនជាប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមិនសូវយល់ដឹងពីច្បាប់ទម្លាប់ ហើយការធ្វើដំណើរចុះឡើងពីស្រុកអង្គរបូរីមកទីរួមខេត្ត គឺជាបន្ទុកចំណាយយ៉ាងធ្ងន់ធ្ងរ។ ពួកគាត់ស្នើសុំឱ្យមាន កិច្ចសម្របសម្រួលផ្ទាល់ ពីស្ថាប័នពាក់ព័ន្ធ ដើម្បីជួយកាត់បន្ថយការលំបាក និងការចំណាយលើការធ្វើដំណើរជាច្រើនលើក។

ករណីនេះបានចោទជាសំណួរក្នុងសង្គមថា «ប្រសិនបើប្រជាពលរដ្ឋអះអាងថា ធ្លាប់ស្វែងរកអន្តរាគមន៍នៅមូលដ្ឋានរួចហើយ ប៉ុន្តែគ្មានដំណោះស្រាយ តើស្ថាប័នថ្នាក់ខេត្តគួរមានយន្តការសម្របសម្រួល ឬចេញលិខិតអមអន្តរាគមន៍ផ្ទាល់ទៅមូលដ្ឋានដែរឬទេ ដើម្បីកុំឱ្យពលរដ្ឋក្រីក្រ និងកុមាររងគ្រោះ ត្រូវរងការលំបាក និងរត់ឆ្លងកាត់នីតិវិធីដ៏ស្មុគស្មាញបន្ថែមទៀត?»៕

Scroll to Top