ពង្រឹងសុក្រឹតភាពឯកសារផ្លូវការ! មន្ត្រីខេត្តកំពង់ចាមជាង ១២០នាក់ ទទួលបានការបំប៉នសមត្ថភាពស៊ីជម្រៅលើ «កិច្ចការរដ្ឋបាល»

ពង្រឹងសុក្រឹតភាពឯកសារផ្លូវការ! មន្ត្រីខេត្តកំពង់ចាមជាង ១២០នាក់ ទទួលបានការបំប៉នសមត្ថភាពស៊ីជម្រៅលើ «កិច្ចការរដ្ឋបាល»

ខេត្តកំពង់ចាម៖ ដើម្បីធានាឱ្យការរៀបចំឯកសារ និងការទំនាក់ទំនងផ្លូវការនៅក្នុងស្ថាប័នរដ្ឋមានភាពច្បាស់លាស់ សុក្រឹត និងស្របតាមបទដ្ឋានគតិយុត្តិ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព «ស្តីពីកិច្ចការរដ្ឋបាល» ជូនដល់មន្ត្រីរាជការចំនួន ១២០នាក់ (ស្រី ៥២នាក់) ដែលមកពីតាមការិយាល័យ ទីចាត់ការ អង្គភាពចំណុះ និងមន្ទីរ-អង្គភាពជុំវិញខេត្ត។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស បានគូសបញ្ជាក់ថា កិច្ចការរដ្ឋបាលមិនមែនត្រឹមតែជាការងារប្រចាំការិយាល័យ ការរៀបចំ ឬរក្សាទុកឯកសារប៉ុណ្ណោះទេ ប៉ុន្តែគឺជា «បេះដូង» នៃប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់ស្ថាប័នរដ្ឋ។ លិខិតរដ្ឋបាល គឺជាមធ្យោបាយដ៏សំខាន់បំផុតសម្រាប់៖

*. ការផ្តល់ការណែនាំ និងការបញ្ជាដឹកនាំ

*. ការស្នើសុំ និងការឆ្លើយតបផ្លូវការ

*. ការផ្តល់ព័ត៌មាន និងការអនុវត្តសេចក្តីសម្រេចផ្សេងៗរបស់ថ្នាក់ដឹកនាំ

ឯកឧត្តមអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ និងគ្រូឧទ្ទេស ដែលបានចំណាយពេល ១ថ្ងៃពេញ ក្នុងការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងក្រសោបយកចំណេះដឹងថ្មីៗ ដើម្បីយកទៅអភិវឌ្ឍសមត្ថភាពការងារប្រចាំថ្ងៃ។

ដើម្បីឱ្យវគ្គបណ្តុះបណ្តាលនេះបង្កើតបានជាផ្លែផ្កាពិតប្រាកដ ឯកឧត្តមអភិបាលរងខេត្ត បានផ្តល់ការណែនាំ និងជំរុញបន្ថែមដល់មន្ត្រីរាជការទាំងអស់នូវចំណុចសំខាន់ៗចំនួន ២៖

១. យកចំណេះដឹង និងបច្ចេកទេសដែលទទួលបាន ទៅអនុវត្តក្នុងការរៀបចំ កែសម្រួល និងចាត់ចែងឯកសាររដ្ឋបាលឱ្យមានភាពត្រឹមត្រូវ សុក្រឹត ប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

២. ពាំនាំចំណេះដឹង និងបទពិសោធន៍ទាំងនេះទៅចែករំលែកដល់សហការីនៅតាមស្ថាប័ន និងអង្គភាពរបស់ខ្លួនឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាយកម្ពស់ស្តង់ដារការងាររដ្ឋបាល និងនីតិវិធីច្បាប់នៅទូទាំងខេត្តកំពង់ចាមឱ្យកាន់តែមានប្រៀបខ្លាំងក្លា។

Scroll to Top