ខេត្តតាកែវបន្តពង្រឹងការប្រយុទ្ធនឹងជំងឺអេដស៍ ខណៈអ្នកទទួលការព្យាបាលជិត ៣ពាន់នាក់ និងសម្រេចគោលដៅ ៩៥-៩៥-៩៥ ក្នុងកម្រិតខ្ពស់

ខេត្តតាកែវបន្តពង្រឹងការប្រយុទ្ធនឹងជំងឺអេដស៍ ខណៈអ្នកទទួលការព្យាបាលជិត ៣ពាន់នាក់ និងសម្រេចគោលដៅ ៩៥-៩៥-៩៥ ក្នុងកម្រិតខ្ពស់

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ បន្តជំរុញការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាព ខណៈគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ មានអ្នកផ្ទុកមេរោគអេដស៍កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគ (ARV) សរុបចំនួន ២,៩៧៤នាក់ ហើយការអនុវត្តគោលដៅអន្តរជាតិ ៩៥-៩៥-៩៥ សម្រេចបានក្នុងកម្រិតខ្ពស់។

ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ឡុង បូណារេត អភិបាលរងខេត្តតាកែវ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារ ពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅបន្ត សំដៅសម្រេចឱ្យបាននូវគោលដៅលុបបំបាត់ការឆ្លងជំងឺអេដស៍ជាបញ្ហាសុខភាពសាធារណៈ។

លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ ខេត្តមានអ្នកទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ARV) សរុប ២,៩៧៤នាក់ ក្នុងនោះស្ត្រី ១,៥៤៥នាក់ និងកុមារ ៤៣នាក់ ដែលក្នុងចំណោមនោះមានកុមារី ២៣នាក់។

លោកបន្តថា ការអនុវត្តគោលដៅ ៩៥-៩៥-៩៥ របស់ខេត្ត សម្រេចបានលទ្ធផលល្អប្រសើរ ដោយគោលដៅទី១ (អ្នកផ្ទុកមេរោគដឹងពីស្ថានភាពរបស់ខ្លួន) សម្រេចបាន ៩៣,៥៨%, គោលដៅទី២ (អ្នកដឹងពីស្ថានភាពទទួលការព្យាបាល) សម្រេចបាន ១០០% និងគោលដៅទី៣ (អ្នកទទួលការព្យាបាលមានកម្រិតមេរោគត្រូវបានបង្ក្រាប) សម្រេចបាន ៩៨,១៧%។

លទ្ធផលនេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការពង្រឹងសេវាបង្ការ ធ្វើតេស្ត រកឃើញអ្នកផ្ទុកមេរោគឱ្យបានឆាប់រហ័ស និងផ្តល់ការព្យាបាលប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់អ្នកផ្ទុកមេរោគអេដស៍ និងកាត់បន្ថយការចម្លងទៅកាន់អ្នកដទៃ៕

img 20260801 171841 578 img 20260801 171841 413 img 20260801 171841 970 img 20260801 171841 488 img 20260801 171841 198 img 20260801 171842 032 img 20260801 171841 668

Scroll to Top