តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ និងកម្លាំងគោលដៅភ្នំដិន បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ និងដកហូតថ្នាំញៀនជាង ៤០ក្រាម។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ១១:៤០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ឈុន ប៊ុននឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់។
ជនសង្ស័យទាំង ៤នាក់ រួមមាន៖ ឈ្មោះ ង៉ែត ធូ អាយុ ៣២ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់។
ឈ្មោះ ហ៊ន សុខហេង អាយុ ២៤ឆ្នាំ រស់នៅភូមិតារុង ឃុំភ្នំដិន ស្រុកគិរីវង់។
ឈ្មោះ រ៉ា តឹក អាយុ ២២ឆ្នាំ រស់នៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគិរីវង់។
ឈ្មោះ ហៀង សម្ផស្ស អាយុ ១៩ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំភ្នំដិន ស្រុកគិរីវង់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ មានទម្ងន់ ៤០.០៩ក្រាម (ថ្លឹងទាំងសំបកថង់) និងទូរស័ព្ទដៃចំនួន ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានប្រគល់ឱ្យការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕


