ក្រោយកិច្ចប្រជុំបូកសរុបការងារ ពលរដ្ឋ និងអាជីវករអំពាវនាវឱ្យពិនិត្យឡើងវិញការអនុវត្តការងាររដ្ឋបាលស្រុកអង្គរបុរី

ក្រោយកិច្ចប្រជុំបូកសរុបការងារ ពលរដ្ឋ និងអាជីវករអំពាវនាវឱ្យពិនិត្យឡើងវិញការអនុវត្តការងាររដ្ឋបាលស្រុកអង្គរបុរី

ខេត្តតាកែវ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបុរី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត ដោយក្នុងកិច្ចប្រជុំនោះ លោកបានណែនាំឱ្យមន្ត្រីរាជការពង្រឹងវិន័យការងារ លើកកម្ពស់គុណភាពសេវាសាធារណៈ រក្សាសាមគ្គីភាព និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ទោះជាយ៉ាងណា ស្របពេលដែលថ្នាក់ដឹកនាំស្រុកកំពុងជំរុញឱ្យពង្រឹងប្រសិទ្ធភាពការងារ ក៏មានប្រជាពលរដ្ឋ និងអាជីវករមួយចំនួន បានលើកឡើង និងអំពាវនាវឱ្យអាជ្ញាធរខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យលើការអនុវត្តការងាររបស់រដ្ឋបាលស្រុកអង្គរបុរីផងដែរ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ មានការចោទប្រកាន់ថា អ្នកសាងសង់ផ្ទះថ្មី ឬជួសជុល និងកែលម្អផ្ទះចាស់ ត្រូវបានទាមទារឱ្យបង់ប្រាក់ក្រៅនីតិវិធី។ ជាមួយគ្នានេះ អាជីវករមួយចំនួនក៏អះអាងថា ត្រូវបានទារប្រាក់ប្រចាំខែ ហើយប្រសិនបើមិនបង់តាមការទាមទារ អាចប្រឈមនឹងការគំរាមកំហែងពាក់ព័ន្ធនឹងអាជ្ញាប័ណ្ណ ឬការធ្វើអាជីវកម្ម។

ប្រភពដដែលក៏បានអះអាងបន្ថែមថា សូម្បីតែប្រធានផ្សារមួយចំនួន ក៏ត្រូវបានស្នើឱ្យបង់ប្រាក់ផងដែរ ហើយនៅពេលមិនព្រមបង់ ក៏រងសម្ពាធក្នុងការបំពេញការងារ។ ការលើកឡើងទាំងនេះបានធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ ដែលស្នើឱ្យមានការស៊ើបអង្កេតដោយតម្លាភាព ដើម្បីបញ្ជាក់ការពិត និងរកដំណោះស្រាយសមស្រប។

ជុំវិញការចោទប្រកាន់ខាងលើ មិនទាន់មានការបកស្រាយ ឬការឆ្លើយតបពីរដ្ឋបាលស្រុកអង្គរបុរី ឬមន្ត្រីពាក់ព័ន្ធនៅឡើយទេ។ អង្គភាពសារព័ត៌មានរង់ចាំទទួលការបំភ្លឺពីភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមវិជ្ជាជីវៈសារព័ត៌មាន៕

img 20260730 085010 889 img 20260730 085020 426 img 20260730 085025 410 img 20260730 085007 934 img 20260730 085003 172 videocapture 20260615 101511

Scroll to Top