ខេត្តតាកែវ៖ ករណីបុរសអ្នកលក់ទូរសព្ទថែមលេខ free មួយបានកើតឡើងនៅឯស្រុកត្រាំកក់ ខេត្តតាកែវតាំងពីឆ្នាំ ២០២៤។ ជនដែលទិញទូរសព្ទបានទាំងលេខនោះត្រូវចាញ់ការឆបោកពីក្រុមអ្នកបោកប្រាស់អស់ប្រាក់២ លានរៀល បែរជាមកប្ដឹងអ្នកលក់ទូរសព្ទថែមទាំងលេខនោះហើយចាប់ដាក់គុកទៀតផង។
ប្រភពពីគ្រួសារសាច់ញាតិរៀបរាប់ពីដំណើររឿងឱ្យដឹងថា កាលពីឆ្នាំ២០២៤ កន្លងទៅ មានក្មេងប្រុសម្នាក់មកទិញទូរស័ព្ទ១ គ្រឿងហើយអ្នកលក់បានហ្វ្រីស៊ីម១ទៀត ផង។ អ្នកលក់ទូរសព្ទឈ្មោះ ង៉ែត ប្រុស អាយុ៤៣ ឆ្នាំ នៅភូមិធ្នង់រលើងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រោយមកក៏មានលេខទូរសព្ទផ្សេងបានប្រាប់ទៅក្មេងនោះ ថា លេខទូរស័ព្ទលោកអ្នកបានឈ្នះរង្វាន់ម៉ូតូ scoopy ១គ្រឿង ដោយតម្រូវឱ្យផ្ញើលុយចំនួន២លានរៀល ទើបបានម៉ូតូ។ ក្រោយមកក្មេងនោះក៏បានផ្ញើលុយឱ្យតាមវុីងគ្រប់ចំនួន ២លានរៀល។ បន្ទាប់មកស្រាប់តែលេខទូរសព្ទនោះទាក់ទងលែងបាន បែរជាឪពុកម្ដាយក្មេងប្រុសនោះ សួរថាទិញទូរសព្ទមកពីណា ហើយក្មេងនោះថាបានទិញទូរសព្ទពីឈ្មោះ ង៉ែត ប្រុស។ ភ្លាមនោះឪពុកម្ដាយក្មេងនោះ ក៏បានដាក់ពាក្យបណ្ដឹងមកឈ្មោះ ង៉ែត ប្រុស ដែលជាអ្នកលក់ទូរសព្ទទៅនគរបាលស្រុកត្រាំកក់។ ក្រោយពីដាក់ពាក្យបណ្ដឹង,នគរបាលស្រុកត្រាំកក់ ក៏បានកោះហៅ ឈ្មោះ ង៉ែត ប្រុស ឱ្យទៅបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុក។
ក្រោយពីការសាកសួរនិងឆែកឆេលេខ ទូរសព្ទរបស់ឈ្មោះ ង៉ែត ប្រុស នគរបាលជំនាញ រកមិនឃើញ មានលេខទូរសព្ទរបស់គាត់ពាក់ព័ន្ធ នឹងឆបោកប្រាក់នោះឡើយ។ បន្ទាប់មកសមត្ថកិច្ចក៏ឲ្យគាត់(ង៉ែត ប្រុស) ត្រឡប់មកផ្ទះវិញ ហើយរឿងនេះក៏បានបញ្ជូនសុំរឿងបន្តទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ក្រោយមកក៏បានកោះហៅឲ្យគាត់ទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបន្តទៀត។ ក្រោយពីនគរបាលជំនាញសាកសួរ ហើយរកមិនឃើញពាក់ព័ន្ធនឹងលេខទូរសព្ទ ឆបោកប្រាក់នោះឡើយ។ សមត្ថកិច្ចបានឲ្យគាត់ត្រឡប់មកផ្ទះវិញ។ ឈ្មោះ ង៉ែត ប្រុស និងគ្រួសារ គិតថារឿងនេះបានបញ្ចប់ទៅហើយ មិនបានដឹងថាត្រូវបន្តនីតិវិធីទៅតុលាការនោះទេ ហើយក៏មិនបានទទួលដីកាបង្គាប់ឲ្យចូលទៅសាកសួរឬបំភ្លឺនៅតុលាការម្ដងណាឡើយ។
ស្រាប់តែថ្មីៗនេះង៉ែត ប្រុស ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាបញ្ជាឱ្យចាប់ឃាត់ខ្លួន ទៅដាក់ពន្ធនាគារខេត្តតាកែវ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលត្រូវចោទប្រកាន់ពីបទ ឆបោកប្រាក់ តាមដើម បណ្ដឹង រដ្ឋប្បវេណីឈ្មោះ កូប ស្រីម៉ៅ ភេទស្រី កើតឆ្នាំ១៩៨១ ជនជាតិខ្មែរ នៅបច្ចុប្បន្នភូមិត្រពាំងត្រាច ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថាបានប្រព្រឹត្តនៅចំណុចភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ ខាងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ បានឱ្យដឹងថា សមត្ថកិច្ចធ្វើទៅតាម នីតិវិធីច្បាប់ ហើយមិនមានការឃាត់ខ្លួននោះទេ ដោយរកពុំឃើញមានបទល្មើសជាក់ស្ដែង។
លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ បានឱ្យដឹងថា លោកនឹងពិនិត្យសំណុំរឿងនេះជាអាទិភាព ហើយរឿងនេះដល់ដំណាក់កាលជម្រះ នៅចៅក្រមស៊ុនពិសិដ្ឋ លោកនឹងចាត់ឲ្យឆាប់ដាក់កម្មវិធី ដេីម្បីអោយបានឆាប់រហស័ផងដែរ។
ជាចុងក្រោយ គ្រួសារប្រពន្ធនិងកូន ជនត្រូវចោទឈ្មោះ ង៉ែត ប្រុស បានយំរៀបរាប់និងទទូចស្នើសុំអន្តរាគមន៍ ពីសំណាក់ ឯកឧត្ដម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្ដម ឯក ឆេង ហួត ព្រះរាជ អាជ្ញា និងឯកឧត្ដម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាបូងខេត្តតាកែវ ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយរកយុត្តិធម៌និងដោះលែងប្ដីគាត់ឲ្យមានសេរីភាពវិញផងចុះ៕


