ខេត្តកំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ខេត្តកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៧នេះ នឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និង តំបន់ ភូមិសាស្ត្រសំខាន់ៗ គឺចំណុចចាប់ផ្ដើមផ្នែកខាងលិចនៃខ្សែផ្លូវនេះ នឹងតភ្ជាប់ជាមួយផ្លូវ ជាតិលេខ៦ ឆ្ពោះទៅកាន់ទិសដៅ រាជធានីភ្នំពេញ និង ទិសដៅខេត្តកំពង់ធំ-សៀមរាប នឹង តភ្ជាប់ត្រង់ចំណុច ផ្លូវបំបែកទីរួមស្រុកព្រៃឈរ ជាមួយផ្លូវជាតិលេខ ៦០ ឆ្ពោះទៅកាន់ផ្លូវជាតិ លេខ ៦ និង ជាមួយផ្លូវជាតិលេខ ៧០ ឆ្ពោះទៅកាន់ស្រុកកងមាសព្រមទាំង តភ្ជាប់ជាមួយផ្លូវ ជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើង ឆ្ពោះទៅកាន់ស្រុកចំការលើ និង ផ្លូវជាតិលេខ ៧១ សេឆ្ពោះទៅកាន់ស្រុកស្ទឹងត្រង់ខណៈដែលផ្នែកខាងកើតនៃចុងបញ្ចប់ខ្សែផ្លូវនេះ នឹងតភ្ជាប់ជាមួយ ផ្លូវជាតិលេខ ៨ និង លេខ ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង នឹងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ព្រមទាំង តភ្ជាប់ផ្លូវជាតិលេខ ៧៦ និង លេខ ៧៨ ឆ្ពោះទៅកាន់ភូមិ ភាគឦសាន រួមមាន ក្រចេះ ស្ទឹងត្រែង, មណ្ឌលគិរី និង រតនគិរី ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូន តែសូមម្ចាស់អាជីវកម្មចូលរួមគោរពច្បាប់ទាំងអស់ ។
សម្ដេចមហាបវរ ហ៊ុន ម៉ាណែត ណែនាំឲ្យបញ្ឈប់ការ «ចាក់ក្រាសស៉ីស្ដើង ចាក់ស្ដើងស៉ីក្រាស» ត្រូវតែធ្វើឲ្យតាមស្ដង់ដារ។ ជាងនេះទៀត ការជួសជុល ថែទាំផ្លូវ ត្រូវតែធ្វើឲ្យបានជាប់ជាប្រចាំ ។
សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ សូមចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និង ថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈការបើកបរក្នុងលឿន កំណត់ ប្រកបដោយការប្រុងប្រយ័ត្ន និង ចៀសវាងការផ្ទុកលើសទម្ងន់ ដែលបណ្តាលឱ្យខូច ខាតផ្លូវ-ស្ពាន ។
កំណាត់ផ្លូវជាតិលេខ៧ ដែលត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ដោយមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង។
ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៕


