អភិបាលស្រុកទ្រាំង ចុះឃាត់សំណង់រំលោភដីចំណីផ្លូវរដ្ឋនៅឃុំប្រាំបីមុំ 

អភិបាលស្រុកទ្រាំង ចុះឃាត់សំណង់រំលោភដីចំណីផ្លូវរដ្ឋនៅឃុំប្រាំបីមុំ 

ខេត្តតាកែវ៖ លោក អ៊ំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យ និងឃាត់សំណង់ខុសច្បាប់មួយកន្លែង ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីទប់ស្កាត់ការរំលោភយកទ្រព្យសម្បត្តិសាធារណៈ និងរក្សាសណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រងដីរដ្ឋ។

ក្នុងប្រតិបត្តិការនេះ មានការចូលរួមអមដំណើរពីលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក លោកមេឃុំប្រាំបីមុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារភូមិ ដែលបានសហការអនុវត្តវិធានការរដ្ឋបាល និងត្រួតពិនិត្យទីតាំងសំណង់ដោយផ្ទាល់។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានណែនាំឱ្យម្ចាស់សំណង់បញ្ឈប់ការសាងសង់ជាបន្ទាន់ និងត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។ លោកបានបញ្ជាក់ថា ដីចំណីផ្លូវសាធារណៈជាទ្រព្យសម្បត្តិរបស់រដ្ឋ សម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ហើយមិនអាចមានបុគ្គលណាម្នាក់រំលោភកាន់កាប់ ឬសាងសង់ដោយគ្មានការអនុញ្ញាតបានឡើយ។

លោក អ៊ំ ចំរើន បានគូសបញ្ជាក់ថា អាជ្ញាធរស្រុកនឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះរាល់សកម្មភាពរំលោភដីសាធារណៈរបស់រដ្ឋ ដោយមិនលើកលែងចំពោះជនណាដែលប្រព្រឹត្តល្មើសនោះទេ។ ការអនុវត្តវិធានការនេះ គឺដើម្បីធានាការគោរពច្បាប់ ការពារផលប្រយោជន៍សាធារណៈ និងបង្កើនសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មុននឹងសាងសង់លំនៅឋាន ឬសំណង់ផ្សេងៗ ត្រូវពិនិត្យព្រំដី និងស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការរំលោភលើដីសាធារណៈ ឬការប្រឈមនឹងវិធានការផ្លូវច្បាប់ និងការខាតបង់ថវិកាក្នុងការរុះរើសំណង់នៅពេលក្រោយ។

ការចុះអនុវត្តវិធានការនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលស្រុកទ្រាំង ក្នុងការការពារ និងថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ព្រមទាំងធានាឱ្យការអភិវឌ្ឍនៅក្នុងមូលដ្ឋានប្រព្រឹត្តទៅដោយស្របតាមច្បាប់ តម្លាភាព និងមានប្រសិទ្ធភាព៕

img 20260706 153741 672 img 20260706 153741 360 img 20260706 153741 164 img 20260706 153741 832

Scroll to Top