ពលរដ្ឋស្នើអភិបាលស្រុកសំរោង បកស្រាយករណីចាក់លុបដីចំណីអូរបត់រការ ក្រោយផ្ទុះការរិះគន់ពីមហាជន

ពលរដ្ឋស្នើអភិបាលស្រុកសំរោង បកស្រាយករណីចាក់លុបដីចំណីអូរបត់រការ ក្រោយផ្ទុះការរិះគន់ពីមហាជន

ខេត្តតាកែវ៖ ប្រជាពលរដ្ឋបានលើកជាចម្ងល់ និងស្នើឱ្យលោក កៅ វគ្កសែល អភិបាលនៃគណៈអភិបាលស្រុកសំរោង ចេញមុខបកស្រាយជាសាធារណៈ ពាក់ព័ន្ធករណីមានការចាក់ដីលុបចំណីអូរបត់រការ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដែលកំពុងរងការសង្ស័យថា អាចជាការរំលោភយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជន។

បើតាមប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថា បុគ្គលមានធនធានម្នាក់ ដែលគេស្គាល់ថាឈ្មោះ ម៉ាចបានប្រើគ្រឿងចក្រដឹកដីចាក់លុបចូលក្នុងចំណីអូរបត់រការ ដោយប្រើដីដែលបានមកពីការជីកស្តុកទឹកសម្រាប់គម្រោងផលិតទឹកស្អាត។ ពលរដ្ឋអះអាងថា សកម្មភាពនេះកំពុងប៉ះពាល់ដល់ផ្ទៃដីអូរ ដែលជាសម្បត្តិសាធារណៈ និងធ្វើឱ្យកើតមានការព្រួយបារម្ភក្នុងសហគមន៍។

ប្រជាពលរដ្ឋបានចោទជាសំណួរថា ហេតុអ្វីបានជាសកម្មភាពចាក់លុបដីអូរនេះ អាចប្រព្រឹត្តទៅដោយបើកចំហ ដោយមិនឃើញមានការទប់ស្កាត់ពីអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ ហើយបានលើកឡើងថា ចង់ឱ្យអាជ្ញាធរបញ្ជាក់ឱ្យច្បាស់ថា តើការចាក់លុបនេះមានការអនុញ្ញាតស្របច្បាប់ដែរឬទេ។

ជុំវិញការចោទប្រកាន់នេះ ភាគីដែលរងការលើកឡើងបានបញ្ជាក់ថា ខ្លួនបានទិញដីពីប្រជាពលរដ្ឋនៅផ្នែកខាងក្រោយ ដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ខណៈផ្នែកខាងមុខមិនមានប្លង់កម្មសិទ្ធិ និងជាដីដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការបកស្រាយនេះ មិនទាន់អាចបំបាត់ក្តីកង្វល់របស់ប្រជាពលរដ្ឋបាននៅឡើយ។ ប្រជាពលរដ្ឋនៅតែអំពាវនាវឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង និងបង្ហាញលទ្ធផលជាសាធារណៈ ដើម្បីធានាតម្លាភាព និងបញ្ជាក់ថា ការចាក់លុបដីចំណីអូរខាងលើ ស្របតាមច្បាប់ឬយ៉ាងណា។

ក្នុងន័យនេះ ប្រជាពលរដ្ឋសង្ឃឹមថា លោក កៅ វគ្កសែល អភិបាលនៃគណៈអភិបាលស្រុកសំរោង នឹងចេញមុខបកស្រាយ និងបញ្ជាក់ជាផ្លូវការ ដើម្បីបញ្ចប់ការសង្ស័យរបស់មហាជន និងធានាការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងស្មើភាព៕

img 20260628 144347 644 img 20260628 144347 787 img 20260628 144348 176 img 20260628 144347 541 img 20260628 144347 858 img 20260628 144348 168 img 20260628 144347 805

Scroll to Top