ខេត្តតាកែវ៖ ដើម្បីពង្រឹងសមត្ថភាពការងាររដ្ឋបាល និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល កងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំបើកវគ្គបំប៉នជំនាញកុំព្យូទ័រ ជូនដល់យោធិនគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងអង្គភាព។
ពិធីបើកវគ្គបំប៉ននេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីកងរាជអាវុធហត្ថ និងលោកគ្រូ-អ្នកគ្រូមកពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ ដែលបានជួយគាំទ្រទាំងទីកន្លែងសិក្សា និងផ្តល់គ្រូបង្គោលសម្រាប់បង្រៀនដោយផ្ទាល់។
ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា វគ្គបំប៉នជំនាញកុំព្យូទ័រនេះ មានគោលបំណងពង្រឹងចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មានដល់យោធិន ដើម្បីអាចយកទៅអនុវត្តក្នុងការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យ និងការរៀបចំឯកសារផ្សេងៗប្រកបដោយភាពរហ័សរហួន សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ការបើកវគ្គបណ្តុះបណ្តាលនេះ ក៏ជាផ្នែកមួយនៃការជំរុញការធ្វើទំនើបកម្មក្នុងអង្គភាព ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថល និងការកែទម្រង់ការងាររដ្ឋបាលសាធារណៈ ដើម្បីឱ្យកងរាជអាវុធហត្ថខេត្តតាកែវ កាន់តែមានសមត្ថភាពក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕


