ខេត្តតាកែវ៖ លោកជំទាវ លីប លឿង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកុមាររាជា រួមជាមួយលោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈក្រោមប្រធានបទ «ប្រជាពលរដ្ឋនិយាយ អាជ្ញាធរស្តាប់ រួមគ្នាដោះស្រាយ» ដែលរៀបចំឡើងនៅវត្តក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។
វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជិត ៣០០នាក់ ដើម្បីពិភាក្សាលើបញ្ហា និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងសំណួរ និងសំណូមពរចំនួន ១០ករណី ដែលត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការបកស្រាយ និងស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោក សាយ វណ្ណៈ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាញយកកម្មវិធី «App No Drugs» ដើម្បីសិក្សាព័ត៌មានអំពីគ្រឿងញៀន និងរាយការណ៍ករណីពាក់ព័ន្ធនៅក្នុងសហគមន៍ រួមចំណែកពង្រឹងគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព»។
វេទិកាសាធារណៈនេះ ត្រូវបានចាត់ទុកជាយន្តការសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព៕


