ខេត្តមណ្ឌលគិរី÷ដោយគោរពអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងមានណែនាំពីឯកឧត្ដម គង់ គឹមនី អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគីរី កាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៦ លោក សី ទូច អភិបាលនៃគណៈបញ្ជាឯកភាពស្រុកកោះញែក ដោយមានការចូលរួមពីសំណាក់ លោក វរៈសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក បានដឹកនាំកម្លាំង ចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅក្រុមហ៊ុន ឃុនយ័ន្ត ជាក្រុមហ៊ុនរុករករ៉ែមាស ដែលមានទីស្នាក់ការស្ថិតនៅឃុំស្រែហ៊ុយ ចម្ងាយប្រហែល៤០Km ពីទីរួមស្រុក។
ក្នុងប្រតិបត្តការក្រុមការងារបានរកឃើញជនបរទេសចំនួន៩នាក់ ស្រី១នាក់ (ជនជាតិចិនទាំងអស់) កំពុងបម្រើការងារ។ ជនជាតិចិនទាំងនោះមានជំនាញការងាររ៉ែ មានឯកសារដូចជា Passports និង Visa។ ក្នុងចំណោមជនជាតិចិនទាំង៩នាក់ មាន២នាក់អត់ទាន់មានប័ណ្ណការងារនៅឡើយ។ ជនជាតិចិនទាំងនោះស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេស FPCS ទាំងអស់។ ក្រុមការងារបានណែនាំឱ្យទៅបំពេញបែបបទធ្វើប័ណ្ណការងារឱ្យបានត្រឹមត្រូវ។
លោក អភិបាលស្រុកបានធ្វើការណែនាំ ដល់ស្ថាប័នជំនាញពាក់ព័ន្ធ និងក្រុមការងា ឱ្យរៀបចំផែនការតាម ដានដោយយកចិត្តទុកដាក់ ជាពិសេសទៅលើសកម្មភាព Scams Online។ គណៈបញ្ជាការឯកភាពស្រុកកោះញែក បានអនុវត្តកិច្ចការងារសន្តិសុខ ក្នុងដែនសមត្ថកិច្ចជាប្រចាំ ដោយយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់៕


