ប្រជាពលរដ្ឋភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ត្អូញត្អែរអំពីផ្លូវលំបាកនៅពេលភ្លៀងធ្លាក់បន្តិចបន្តួចដើមរដូវវស្សា

ប្រជាពលរដ្ឋភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ត្អូញត្អែរអំពីផ្លូវលំបាកនៅពេលភ្លៀងធ្លាក់បន្តិចបន្តួចដើមរដូវវស្សា

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋប្រុស,ស្រីក្មេង,ចាស់ នៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានត្អូញត្អែរអំពីបញ្ហាផ្លូវក្នុងភូមិភក់ល្បាប់,លិចទឹក..លំបាកក្នុងការធ្វើ ដំណើរប្រចាំថ្ងៃ នៅពេលដែលមានភ្លៀងបន្តិចបន្តួច។ អ្នកភូមិទទូចស្នើសុំឲ្យក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋានឃុំកញ្ចំ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយដោះស្រាយបញ្ហាលំបាកនេះផង។

ស្ត្រីចំណាស់ម្នាក់ដែលសោយសំពត់ឲ្យផុតពីភក់ ទឹកល្បាប់ ដើរនៅតាមផ្លូវដែលលិចលង់ក្នុងភូមិដូងបាននិយាយថា សព្វថ្ងៃនេះបញ្ហាលំបាករបស់ប្រជាពលរដ្ឋនៅក្នុងភូមិ គឺផ្លូវនេះរងការខូចខាតយ៉ាងដំណំ នៅពេលដែលមានភ្លៀងបន្តិចបន្តួចទឹកដក់លិចកំភួនជើង ធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះលំបាកក្នុងការធ្វើដំណើរសូម្បីតែដើរទៅវត្តក៏មិន ជាពិសេសក្មេងៗដើរ,ជិះកង់ទៅសាលា រៀន។ ប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរស្រុក, ខេត្តនិងមន្ទីរជំនាញ ជួយមើលផ្លូវក្នុងភូមិខាងលើនេះផង។

នៅគ្រាដែលមានការលិចលង់ផ្លូវក្នុងភូមិ បន្ទាប់ពីភ្លៀងមួយមេកាលពីចុងខែឧសភាកន្លងទៅនោះ គេឃើញវត្តមានប្រធានភូមិដូង កាន់ចបកាប់ចុះទៅកាយទឹកឲ្យហូរចូលទៅក្នុងលូដែរ ប៉ុន្តែហាក់ដូចជាមិនទទួលបានលទ្ធផលអ្វីជាដុំកំពួនឡើយពោលគឺទឹកនៅតែដក់ នៅលើដងផ្លូវដដែល។ ដូច្នេះវានៅតែជាបញ្ហា ដែលដោះ ស្រាយមិនចេញ ខណៈប្រជាពលរដ្ឋព្រួយបារម្ភ នៅ ពេលដែលរដូវវស្សាទឹកភ្លៀងខ្លាំងធ្លាក់ នោះការលិចលង់ផ្លូវនឹងកាន់តែជ្រៅថែមទៀត។

ប្រជាពលរដ្ឋក្នុងភូមិនិយាយថា នៅពេលដែលមានភ្លៀងធ្លាក់បន្តិចបន្តួច នៅដើមរដូវវស្សានេះផ្លូវក្នុងភូមិ រងការលិចលុង បង្កឲ្យប្រជាពលរដ្ឋជួបប្រទះ នឹងការលំបាកក្នុងការធ្វើដំណើរ សូម្បីតែដើរពីផ្ទះមួយទៅផ្ទះមួយក៏លំបាក ជាពិសេសម៉ូតូគឺប្រឈមនឹងការដួលប្រឡាក់ ភក់ទទឹកជោគ។ កុមារា កុមារីដែលត្រូវធ្វើដំណើរទៅសាលារៀនក៏ប្រឈមនឹងការលំបាក,ដួលកង់ប្រឡាក់សំលៀកបំពាក់កាតាប..ជាដើម។ បើតាមប្រជាពលរដ្ឋនៅក្នុងសហគមន៍ បញ្ហានេះអាចដោះស្រាយបានព្រោះមិនចំណាយ ធនធានច្រើនពេកនោះទេ។

អ្នកភូមិអំពាវនាវដល់អាជ្ញាធរឃុំ-ស្រុក-ខេត្ត ជាពិសេសប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ឯកឧត្តម វង្ស ពិសេន មេត្តាចាត់កម្លាំងចុះពិនិត្យមើលស្ថានភាពផ្លូវនៅភូមិដូងឃុំកញ្ចំនោះផង។ ប្រជាពលរដ្ឋនិយាយថាស្ថានភាពផ្លូវនេះអាចដោះស្រាយបាន ជាពិសេសអ្នក ភូមិចង់បានផ្លូវបេតុងមួយខ្សែ ដែលងាយស្រួលធ្វើ ដំណើរសម្រាប់កុមារាកុមារីទៅសាលារៀនផងដែរ៕

img 20260604 122115 389 img 20260604 122114 970 img 20260604 122114 894 img 20260604 122115 259 img 20260604 122115 388 img 20260604 122114 766 img 20260604 122114 863 img 20260604 122115 346 img 20260604 122115 047

Scroll to Top