ខេត្តតាកែវ៖ ដើម្បីជួយលើកកម្ពស់ការសិក្សារបស់កុមារក្នុងគ្រួសារខ្វះខាត និងចូលរួមចែករំលែកការលំបាកជីវភាពប្រចាំថ្ងៃ ឯកឧត្តម ម៉ៅ ស៊ីថា ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយក្រុមការងារសប្បុរសធម៌ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារមួយនៅភូមិខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ។
គ្រួសារទទួលអំណោយគឺលោក ម៉ី សាំងឃុំ ដែលមានពិការភាព និងភរិយាឈ្មោះ យឹម សុខខុម ដែលប្រកបមុខរបរដើរលាងចានតាមកម្មវិធីអ្នកភូមិ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗក្នុងបន្ទុក។
ដោយមើលឃើញពីការខិតខំតស៊ូរបស់គ្រួសារ និងបំណងចង់ឱ្យកូនៗបានបន្តការសិក្សាដូចកុមារដទៃ ក្រុមការងារសប្បុរសធម៌បានផ្តល់អំណោយរួមមាន កង់ចំនួន១គ្រឿង សៀវភៅចំនួន១ឡូរ ខ្មៅដៃចំនួន៤០ដើម បន្ទាត់ចំនួន៣ដើម និងថវិកាចំនួន៥ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការសិក្សា និងកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃរបស់គ្រួសារ។
កង់ និងសម្ភារសិក្សាទាំងនេះ ត្រូវបានចាត់ទុកថា ជាការផ្តល់កម្លាំងចិត្តដ៏មានតម្លៃសម្រាប់កុមារ ក្នុងការបន្តដំណើរសិក្សារបស់ខ្លួន ទោះបីគ្រួសារកំពុងប្រឈមនឹងការលំបាកក៏ដោយ។ ជាពិសេស ការទទួលបានកង់ អាចជួយសម្រួលដល់ការធ្វើដំណើរទៅសាលារៀន និងជំរុញឱ្យកុមារមានភាពក្លាហានក្នុងការបន្តសិក្សាឱ្យបានខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ស៊ីថា និងក្រុមការងារ ក៏បានលើកទឹកចិត្តដល់កូនៗក្នុងគ្រួសារឱ្យខិតខំរៀនសូត្រ ស្តាប់បង្គាប់លោកគ្រូ អ្នកគ្រូ និងប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សល្អសម្រាប់សង្គមនាពេលអនាគត។
សកម្មភាពមនុស្សធម៌នេះ ក៏មានការចូលរួមពីលោក ណុប សុផាត លោក មន បុត្រ លោកស្រី សូត្រ សំអុល សមាជិកក្រុមប្រឹក្សាឃុំ និងលោក ឈុត សារី មេភូមិ ដែលបានអញ្ជើញចូលរួមសួរសុខទុក្ខ និងផ្តល់ការលើកទឹកចិត្តដល់គ្រួសារផងដែរ។
អាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធ បានបញ្ជាក់ថា ការជួយឧបត្ថម្ភដល់កុមារក្រីក្រ និងគ្រួសារខ្វះខាត មិនត្រឹមតែជាការចែករំលែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតក្តីសង្ឃឹម និងជំរុញឱ្យកុមារបន្តការសិក្សា ដើម្បីមានអនាគតល្អប្រសើរ ស្របតាមស្មារតី “ខ្មែរជួយខ្មែរ” និងការកសាងសង្គមដែលពោរពេញដោយភាពកក់ក្តៅ និងសាមគ្គីភាព៕


