ខេត្តតាកែវ៖ រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានអញ្ជើញជួបប្រជុំ និងសំណេះសំណាលជាមួយលោក លោកស្រី តំណាងសហគ្រាស និងរោងចក្រនានា ដែលមានមូលដ្ឋានក្នុងស្រុកបាទី ប្រមាណជាង១០០ រោងចក្រ និងសហគ្រាស នៅសាលប្រជុំសាលាស្រុកបាទី ដើម្បីពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងអនាម័យបរិស្ថាន។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបាទី បានជំរុញឱ្យបណ្តារោងចក្រ និងសហគ្រាសទាំងអស់ ចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមបរិវេណមុខរោងចក្រ និងទីតាំងអាជីវកម្មរបស់ខ្លួន ឱ្យមានរបៀបរៀបរយ ស្អាត និងមានអនាម័យល្អជាប្រចាំ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងបង្កើតបរិយាកាសល្អសម្រាប់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។
លោក សាយ វណ្ណៈ ក៏បានអំពាវនាវឱ្យថ្នាក់ដឹកនាំរោងចក្រ បន្តផ្សព្វផ្សាយ និងអប់រំដល់បងប្អូនកម្មករ កម្មការិនី ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរប្រកបដោយសុវត្ថិភាព ពាក់មួកសុវត្ថិភាព និងប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ។
ជាមួយគ្នានេះផងដែរ លោកអភិបាលស្រុកបាទី បានស្នើឱ្យបណ្តារោងចក្រ និងសហគ្រាសទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដោយរាយការណ៍ព័ត៌មានឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗដែលអាចកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scam ដែលកំពុងក្លាយជាបញ្ហាប្រឈមក្នុងសង្គមនាពេលបច្ចុប្បន្ន។
ការសំណេះសំណាលរវាងថ្នាក់ដឹកនាំស្រុកនិងក្រុមហ៊ុនវិស័យឯកជននេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុកបាទី ក្នុងការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕


