ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដូនកែវ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងត្រួតពិនិត្យទីតាំងមួយចំនួនក្នុងភូមិសាស្ត្រក្រុងដូនកែវ ដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការស្នាក់នៅរបស់ជនបរទេសឱ្យបានត្រឹមត្រូវតាមច្បាប់។
ប្រតិបត្តិការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យផ្ទៀងផ្ទាត់ឯកសារស្នាក់នៅ អត្តសញ្ញាណ និងសកម្មភាពរបស់ជនបរទេសដែលកំពុងស្នាក់នៅក្នុងមូលដ្ឋាន ដើម្បីធានាថា មិនមានការលួចលាក់ប្រើប្រាស់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសផ្សេងៗ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយនៅតាមបណ្តាខេត្ត និងរាជធានីមួយចំនួន។
លោក ឌឹម គឹមសាន បានមានប្រសាសន៍ថា រដ្ឋបាលក្រុងដូនកែវ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ដោយជំរុញឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បន្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការតាមដាន ស្រាវជ្រាវ និងទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ដែលអាចកើតមានក្នុងមូលដ្ឋាន។
លោកអភិបាលក្រុង ក៏បានណែនាំដល់ម្ចាស់ទីតាំងស្នាក់នៅ ផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មផ្សេងៗ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងជនបរទេស និងអនុវត្តតាមនីតិវិធីច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីរួមចំណែកថែរក្សាបរិយាកាសសន្តិសុខ និងការរស់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ កម្លាំងចម្រុះក៏បានអប់រំណែនាំដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះសកម្មភាពសង្ស័យនានា និងរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ច ប្រសិនបើប្រទះឃើញករណីពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រព្រឹត្តបទល្មើស ឬសកម្មភាពខុសច្បាប់ផ្សេងៗ។
ការចុះត្រួតពិនិត្យជាបន្តបន្ទាប់របស់រដ្ឋបាលក្រុងដូនកែវ ត្រូវបានចាត់ទុកថា ជាវិធានការសំខាន់មួយក្នុងការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងមូលដ្ឋាន ការពារសន្តិសុខសង្គម និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព៕


