ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ំ ចំរើន អភិបាលស្រុកទ្រាំង និងថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើន បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈក្រោមប្រធានបទស្តីពី «គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព» ក្រោមអធិបតីភាព ឯកឧត្តម ស៊ីម ឫទ្ធីសែន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្កាញ់។
កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលាឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ការបទល្មើសនានាក្នុងមូលដ្ឋាន។ ជាពិសេស ការចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សា ក្មេងទំនើង និងបទល្មើសផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខសន្តិភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ីម ឫទ្ធីសែន បានថ្លែងថា ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺជាយន្តការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព សន្តិសុខ និងការអភិវឌ្ឍនៅតាមមូលដ្ឋាន។ ឯកឧត្តមក៏បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីថែរក្សាសុវត្ថិភាព និងបរិយាកាសរស់នៅប្រកបដោយភាពសុខដុមរមនា។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានចូលរួមវេទិកា ក៏មានឱកាសលើកឡើងនូវសំណូមពរ បញ្ហាប្រឈម និងមតិយោបល់ពាក់ព័ន្ធនឹងសន្តិសុខ សេវាសាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធពិនិត្យដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
តាមរយៈវេទិកាសាធារណៈនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ស្តាប់បញ្ហា និងរួមគ្នាស្វែងរកដំណោះស្រាយ សំដៅធានាឱ្យមូលដ្ឋានមានសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕


