រថយន្តយីឌុបអត់ស្លាកលេខ សម្រុកដឹកដីចាក់ទាំងយប់ កប់ទាំងទុយោរដ្ឋាករទឹក និងហៀអាចម៌ដីពេញផ្លូវជាតិ២១ អាជ្ញាធរនៅស្ងៀម?

រថយន្តយីឌុបអត់ស្លាកលេខ សម្រុកដឹកដីចាក់ទាំងយប់ កប់ទាំងទុយោរដ្ឋាករទឹក និងហៀអាចម៌ដីពេញផ្លូវជាតិ២១ អាជ្ញាធរនៅស្ងៀម?

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ២១បេ កំពុងមានការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានក្រុមរថយន្តយីឌុបទម្ងន់ធ្ងន់ជាច្រើនគ្រឿង និងមានគ្រឿងចក្រ(អាប៊ុល) មិនពាក់ស្លាកលេខ ធ្វើសកម្មភាពសម្រុកដឹកដីចាក់ទាំងយប់ ដោយគ្មានការរៀបចំប្រព័ន្ធលូត្រឹមត្រូវ និងថែមទាំងកប់ទាំងទុយោរបស់រដ្ឋាករទឹកស្រុកស្អាងទៀតផង។ នេះបើតាមប្រភពព័ត៌មាននិងការចុះមកឃើញជាក់ស្ដែងនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ។

សកម្មភាពនេះកំពុងបង្កផលប៉ះពាល់ដល់សាធារណៈ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋយ៉ាងធ្ងន់ធ្ងរ។ទីតាំងកំពុងកើតហេតុនេះ ស្ថិតនៅចំណុចផ្លូវជាតិ២១បេ ទល់មុខមន្ទីរបក្សខេត្តកណ្ដាល ក្បែរបុរីសុភមង្គល ក្នុងភូមិកោះគ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 

ប្រជាពលរដ្ឋលើកឡើងថា ក្រុមរថយន្តយីឌុបធំៗ ដឹកដីចេញចូលយ៉ាងអនាធិបតេយ្យ ហៀអាចម៌ដីពេញផ្លូវ អាចបង្កការរអិល គ្រោះថ្នាក់ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ខណៈគ្មានស្ថាប័នជំនាញណាចុះទប់ស្កាត់ឲ្យបានទាន់ពេលវេលាឡើយ។

អ្វីដែលធ្វើឲ្យមហាជនកាន់តែងឿងឆ្ងល់នោះ គឺរថយន្តមួយចំនួនមិនពាក់ស្លាកលេខ ប៉ុន្តែអាចធ្វើចរាចរណ៍ដឹកដីទម្ងន់រាប់តោនលើផ្លូវជាតិបានដោយរលូន។ 

មហាជនសួរថា តើមានការត្រួតពិនិត្យផ្លូវច្បាប់ និងសុវត្ថិភាពដែរឬទេ? ឬក៏មានការបណ្ដោយឲ្យដំណើរការដោយគ្មានការទទួលខុសត្រូវ?

យោងតាមបុគ្គលិករដ្ឋាករទឹកស្រុកស្អាងម្នាក់ បានចុះពិនិត្យជាក់ស្ដែង និងលាន់មាត់ថា៖ «ហេតុអ្វីមិនជូនដំណឹងមុន? ចាក់ដីបែបនេះកប់ទុយោទឹកអស់ហើយ បើដាច់ទុយោ នឹងមានប្រតិកម្មពីប្រជាពលរដ្ឋមិនខាន»។ ការលើកឡើងនេះ បង្ហាញឲ្យឃើញពីភាពខ្វះការសម្របសម្រួល និងមិនគោរពនីតិវិធីបច្ចេកទេសពីសំណាក់អ្នកចាក់ដី។

ជុំវិញករណីនេះ អ្នកមើលការងារចាក់ដី មិនបានបកស្រាយអ្វីឡើយ ដោយគ្រាន់តែឆ្លើយថា៖ «ចាំមេមកសិន» ខណៈសកម្មភាពដឹកដីនៅតែបន្តយ៉ាងគគ្រឹកគគ្រេង។

ដោយឡែក អ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅលោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅ ជាច្រើនដង ដើម្បីសុំការបកស្រាយ និងចំណាត់ការលើករណីនេះ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ រហូតមកដល់ពេលនេះ។ ភាពស្ងៀមស្ងាត់នេះ កំពុងធ្វើឲ្យមហាជនមានការរិះគន់ថា អាជ្ញាធរមូលដ្ឋានហាក់មិនទាន់យកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងប៉ះពាល់ដល់សាធារណៈឡើយ។

ក្នុងនាមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ សូមសំណូមពរដល់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យជាបន្ទាន់ ចំពោះរថយន្តយីឌុបទម្ងន់ធ្ងន់អត់ស្លាកលេខ ដែលកំពុងធ្វើចរាចរណ៍លើផ្លូវជាតិ២១បេ នៅចំណុចខាងលើ ដើម្បីធានាសុវត្ថិភាព និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ក៏សូមអំពាវនាវដល់ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល មេត្តាចុះពិនិត្យទីតាំងជាក់ស្ដែងជាបន្ទាន់ផង ដើម្បីជៀសវាងបញ្ហាផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ទាំងការខូចខាតប្រព័ន្ធទឹក សណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ចរាចរណ៍។

មហាជនកំពុងរង់ចាំការបកស្រាយ និងវិធានការពីភាគីពាក់ព័ន្ធ ថាតើការដឹកដី និងចាក់ដីដ៏អនាធិបតេយ្យនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ? ហើយអ្នកណាជាអ្នកទទួលខុសត្រូវ ប្រសិនបើបង្កការខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ និងប៉ះពាល់ដល់ប្រជាពលរដ្ឋ?៕

videocapture 20260525 194822 20260525 184142 videocapture 20260525 194811 20260525 184139 videocapture 20260525 194647 videocapture 20260525 194623 videocapture 20260525 194621 videocapture 20260525 194618 videocapture 20260525 194721

Scroll to Top