ប្រសិទ្ធភាពការងារនៅថ្ងៃនេះ អាចឆ្លុះបញ្ចាំងអំពីគុណសម្បត្តិ និងគុណវិបត្តិ

ប្រសិទ្ធភាពការងារនៅថ្ងៃនេះ អាចឆ្លុះបញ្ចាំងអំពីគុណសម្បត្តិ និងគុណវិបត្តិ

ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានថ្លែងថា ប្រសិទ្ធភាពការងារនៅថ្ងៃនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីគុណសម្បត្តិ និងគុណវិបត្តិរបស់មន្ត្រីម្នាក់ៗ ដែលត្រូវខិតខំពង្រឹងសមត្ថភាព បំពេញភារកិច្ចដោយទំនួលខុសត្រូវ និងបន្តអភិវឌ្ឍខ្លួនឱ្យស្របតាមតម្រូវការការងារជាក់ស្តែង។

ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម និងការងារនគរបាលសហគមន៍ ប្រចាំខែឧសភា ឆ្នាំ២០២៦ ព្រមទាំងការប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមការអនុវត្តតាមអនុសាសន៍ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកឡើងពីបទពិសោធន៍ការងារល្អៗ ដែលឆ្លុះបញ្ចាំងពីគុណភាពការងារកន្លងមក និងបានដាក់ចេញនូវទិសដៅអនុវត្តបន្ត ដល់គ្រប់ផែនជំនាញ អធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង១០ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង១០៩ ដោយត្រូវបន្តលើកកម្ពស់គុណភាពការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកស្នងការ បានណែនាំឱ្យបន្តជំរុញការផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ព្រមទាំងពង្រឹងការស្រាវជ្រាវទីតាំងស្នាក់នៅរបស់ជនបរទេស ដែលលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនអនុញ្ញាតឱ្យកើតមានក្នុងភូមិសាស្ត្រខេត្តកំពង់ចាមជាដាច់ខាត។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ បន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ ព្រមទាំងពង្រឹងការងារនគរបាលសហគមន៍ និងបង្កើនសមត្ថភាពគ្រប់គ្រងតាមដានសភាពការណ៍សន្តិសុខឱ្យបានម៉ឺងម៉ាត់ ជាពិសេសមុខសញ្ញាបង្កចលាចលសង្គម ចោរលួច ឆក់ប្លន់ និងក្មេងទំនើង ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។

ពាក់ព័ន្ធការងារចរាចរណ៍ លោកស្នងការ បានណែនាំឱ្យបន្តយកចិត្តទុកដាក់សម្រួលចរាចរណ៍នៅតាមគោលដៅប្រឈមការកកស្ទះ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ ដើម្បីបង្កើនសុវត្ថិភាពជូនអ្នកប្រើប្រាស់ផ្លូវ។ ទន្ទឹមនឹងនោះ កម្លាំងជំនាញត្រូវត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះក្នុងករណីអគ្គិភ័យ និងបន្តផ្សព្វផ្សាយអំពីហានិភ័យនៃការឆាបឆេះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានស្នើឱ្យមន្ត្រីនគរបាលទាំងអស់ ខិតខំសិក្សារៀនសូត្រអភិវឌ្ឍចំណេះដឹង និងជំនាញថ្មីៗ បង្កើតទំនាក់ទំនងល្អ និងរក្សាវិជ្ជាជីវៈការងារជាមួយអ្នកដទៃ មានគំនិតវិជ្ជមាន ការតាំងចិត្តខ្ពស់ក្នុងការជម្នះឧបសគ្គ និងយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាថាមពលដ៏រឹងមាំសម្រាប់ការបំពេញភារកិច្ចប្រចាំថ្ងៃ៕

fb img 1779702982086 fb img 1779702986883

Scroll to Top