ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូន សាធារណជន បងប្អូនអាជីវករ និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល មេត្តាជ្រាបថា បន្ទាប់ពីការជូនដំណឹងលើកទី១ និងលើកទី២ រួចមក រដ្ឋបាលខេត្ត សង្កេតឃើញថា នៅតាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត និងតាមដងផ្លូវផ្សេងៗទៀត ជាពិសេសតំបន់ទីប្រជុំជន ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅតែបន្តការ សាងសង់សំណង់រឹង ការលក់ដូរ ការធ្វើអាជីវកម្ម ការដាក់ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្ម គ្មានច្បាប់អនុញ្ញាត រំលោភលើដី ចំណីផ្លូវសាធារណៈ ដែលនាំឱ្យបាត់បង់នូវសោភណភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយនៅតាមដងផ្លូវ រារាំងដល់គម្រោងពង្រីកផ្លូវ ឬគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតរបស់ រាជរដ្ឋាភិបាលនៅថ្ងៃអនាគត បង្កឱ្យមានការកកស្ទះចរាចរណ៍ដែលនាំឱ្យរំខានដល់ប្រតិបត្តិការ សង្គ្រោះ ដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ ការដឹកជញ្ជូនទំនិញ ការធ្វើដំណើររបស់ប្រជា ពលរដ្ឋនៅតាមដងផ្លូវ និងបណ្តាលឱ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
ដួចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តកណ្តាល សូមដាក់ចេញនូវការអនុវត្តវិធានការដូចខាងក្រោម៖
១. ត្រូវរុះរើសំណង់រឹងគ្រប់ប្រភេទ តូបលក់ដូរ សំយ៉ាប ឆ័ត្រ ធ្នើរ ខឿន ផ្ទាំងប៉ាណូ និងស្លាក ផ្សាយពាណិជ្ជកម្មគ្មានច្បាប់អនុញ្ញាតចេញពីដីចំណីផ្លូវសាធារណៈ ដោយទុករយៈពេល ២សប្តាហ៍ ដើម្បីធ្វើការរុះរើដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
២. ក្នុងករណីនៅតែរឹងទទឹង និងមិនចូលរួមសហការអនុវត្តតាមវិធានការខាងលើ អាជ្ញាធរ នឹងចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការ ខូចខាតទ្រព្យសម្បត្តិណាមួយឡើយ៕


