អភិបាលស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំអំណោយលើកទឹកចិត្តវីរយុទ្ធជននៅឃុំខ្វាវ បង្ហាញការយកចិត្តទុកដាក់ដល់អ្នកការពារជាតិ

អភិបាលស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំអំណោយលើកទឹកចិត្តវីរយុទ្ធជននៅឃុំខ្វាវ បង្ហាញការយកចិត្តទុកដាក់ដល់អ្នកការពារជាតិ

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានដឹកនាំក្រុមការងារ និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់វីរយុទ្ធជនមួយរូប ដែលកំពុងរស់នៅក្នុងភូមិធម្មតា ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់វីរយុទ្ធជន រួមមាន អង្ករ ២៥គីឡូក្រាម មី១កេះ ទឹកសុទ្ធ១កេះ ទឹកក្រូច១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ព្រមទាំងថវិកាមួយចំនួនផងដែរ។

លោក អ៊ុំ ចំរើន បានមានប្រសាសន៍សំណេះសំណាល ដោយសម្ដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាព និងការលះបង់របស់អតីតយុទ្ធជន ដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិភាពជូនប្រទេសជាតិ។ លោកបានបញ្ជាក់ថា អាជ្ញាធរស្រុកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ដោយចាត់ទុកថា ជាកាតព្វកិច្ចសង្គម និងការតបស្នងសងគុណចំពោះអ្នកដែលបានលះបង់ដើម្បីជាតិមាតុភូមិ។

សកម្មភាពចុះសួរសុខទុក្ខនេះ ក៏បានឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គី និងទំនាក់ទំនងល្អរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការចូលរួមថែរក្សាសុខុមាលភាព និងលើកកម្ពស់ស្មារតីមនុស្សធម៌នៅក្នុងសហគមន៍។

អញ្ជើញចូលរួមក្នុងកម្មវិធីនោះផងដែរ មានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក នាយករងរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ និងបងប្អូនប្រជាការពារភូមិជាច្រើនរូប ដែលបានបង្ហាញពីការចូលរួមគាំទ្រ និងយកចិត្តទុកដាក់រួមគ្នាចំពោះវីរយុទ្ធជននៅមូលដ្ឋាន៕

img 20260519 135946 849 img 20260519 135947 508 img 20260519 135947 197 img 20260519 135946 791 img 20260519 135946 852 img 20260519 135946 594 img 20260519 135946 995 img 20260519 135947 401

Scroll to Top